អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីជោគជ័យនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរីរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញធ្វើមាតុភូមិនិវត្តន៍ មកដល់រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅ សាធារណរដ្ឋសិង្ហបុរី តបតាមការអញ្ជើញរបស់ សមភាគីសិង្ហបុរី ដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃនេះ បានទទួលលទ្ធផលផ្លែផ្កាយ៉ាងច្រើន ទាំងផ្នែកនយោបាយការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយកម្ពុជា និងសិង្ហបុរីបានឯកភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព។