ឯកឧត្តមរដ្ឋមន្ត្រីសុខាភិបាល សំណេះសំណាល និងផ្តល់មតិណែនាំជាគ្រឹះបន្ថែមដល់និស្សិតជយលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤


ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជយលាភីទទួលបានអាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុន ចំនួន ២៤រូប ទទួលអាហារូបករណ៍ JDS របស់រាជរដ្ឋាភិបាលប្រទេសជប៉ុន ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំ២០២៤។

ជាកិច្ចស្វាគមន៍ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរដល់និស្សិតជយលាភីទាំង២៤រូប ដែលទទួលបានអាហារូបករណ៍រាជរដ្ឋាភិបាលជប៉ុនទៅសិក្សានៅប្រទេសជប៉ុន និងសង្ឃឹមថា និស្សិតជ័យលាភីទាំងអស់នឹងបញ្ចប់ការសិក្សាដោយជោគជ័យ ត្រឡប់មកជួយអភិវឌ្ឍន៍ប្រទេស និងក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។

បន្ទាប់ពីមតិស្វាគមន៍ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី មានមតិសំណេះសំណាល និងបានអនុញ្ញាតឱ្យនិស្សិតទាំង២៤រូប ណែនាំខ្លួនដោយមានបង្ហាញអំពីជំនាញ ទស្សនៈវិស័យ និងគោលបំណងរបស់ខ្លួនម្នាក់ៗ ក្នុងឱកាសជួបសម្ដែងការគួរសមនេះផងដែរ។

នាឱកាសមានមតិសំណេះសំណាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្ដល់មតិណែនាំល្អៗ ដល់ក្រុមនិស្សិត ដើម្បីជាគំនិតក្នុងការស្វែងយល់អំពីជំនាញរៀងៗខ្លួន និងជាប្រយោជន៍សម្រាប់ខ្លួនឯង ក្នុងការសិក្សាដោយជោគជ័យ ត្រឡប់មកបម្រើ និងអភិវឌ្ឍន៍ប្រទេសវិញ។

ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជូនពរឱ្យនិស្សិតទាំងអស់ទទួលបានជោគជ័យក្នុងការសិក្សា ព្រមទាំងបានផ្តល់សៀវភៅរបាយការណ៍សមិទ្ធផលសុខាភិបាលឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ និងឆ្នាំបន្ត របស់ក្រសួងសុខាភិបាល ជូនដល់និស្សិតម្នាក់ៗចំនួនមួយក្បាលផងដែរ៕