ពិធីបុណ្យផ្កាយឆ្នាំ២០២៤ បានចាប់ផ្តើមពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដោយមានរំលេចពីវប្បធម៌ប្រពៃណីជប៉ុន និងខ្មែររួមគ្នា ដើម្បីឱ្យចំណងប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតតាមរយៈប្រជាជន និងប្រជាជនបានយល់ដឹងពីវប្បធម៌គ្នាទៅវិញទៅមក និងរីករាយទទួលយកបទពិសោធន៍ថ្មីៗជាច្រើន ស្វែងយល់ពីវប្បធម៌ជប៉ុន និងកាន់តែមានភាពស្និទ្ធស្នាលជាមួយប្រទេសជប៉ុន។
ពិធីបើកបានធ្វើឡើងនាល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងលោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
នាឱកាសនោះដែរ ឯកអគ្គរាជទូតជប៉ុន បានលើកឡើងថា ពិធីបុណ្យផ្កាយ ឬបុណ្យតាណាបាតា ២០២៤ គឺជាកម្មវិធីបុណ្យប្រពៃណីជប៉ុន ដែលតែងតែប្រារព្ធ ឡើងនៅថ្ងៃទី៧ ខែកក្កដា ជារៀងរាល់ឆ្នាំ។ នៅថ្ងៃតាណាបាតា ប្រជាជនជប៉ុន នាំគ្នាសរសេរបំណងប្រាថ្នារបស់ ខ្លួននៅលើក្រដាសពណ៌ ហើយចងព្យួរទៅនឹងមែកឬស្សីជាមួយគ្រឿងលម្អនៃតាណាបាតាជាច្រើន។
លោកបានបន្តថា នៅកម្ពុជា ពិធីបុណ្យផ្កាយឆ្នាំនេះ ដែលត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា- ជប៉ុន (CJCC) មូលនិធិជប៉ុនការិយាល័យទំនាក់ទំនងភ្នំពេញ រួមជាមួយស្ថានទូតជប៉ុននឹងចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៤ ខែកក្កដា។ គោលបំណងក្នុងការរៀបចំពិធីបុណ្យនេះ គឺចង់បង្ហាញវប្បធម៌ប្រពៃណីពិធី បុណ្យតាណាបាតាទៅកាន់ប្រជាជនកម្ពុជា និងដើម្បីកសាង និងជម្រុញទំនាក់ទំនងល្អរវាងជប៉ុន និងកម្ពុជា។
«ក្រោយពិធីបើកពិធីបុណ្យផ្កាយនេះ យើងនឹងមានកម្មវិធីវប្បធម៌ជាច្រើន ដែលក្នុងនោះរួមមាន ការសម្តែង ខេនដាម៉ា ការប្រឡងចម្រៀងភាសាជប៉ុន ហៅថា ណូដូជីម៉ាន់ សិក្ខាសាលាអប់រំនានា ក៏ដូចថា ថ្នាក់ចម្អិនអា ហារ។ យើងសង្ឃឹមថា ពិធីបុណ្យនេះនឹងនាំមកនូវឱកាសដើម្បីឱ្យអ្នកចូលរួមទាំងអស់នឹងរីករាយទទួលយកបទពិសោធន៍ថ្មីៗជាច្រើន ស្វែងយល់ពីវប្បធម៌ជប៉ុន និងកាន់តែមានភាពស្និទ្ធស្នាលជាមួយប្រទេសជប៉ុន។ ខ្ញុំសូមឆ្លៀតឱកាសនេះ រម្លឹកថា ឆ្នាំនេះគឺជាខួបអនុស្សាវរីយ៍លើកទី២០នៃការបង្កើតមជ្ឈមណ្ឌលសហ ប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)»។ នេះជាការលើកឡើងរបស់លោក អ៊ូអិណុ អាត់ស៊ូស៊ី។
បើតាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា បុណ្យផ្កាយនេះ ឆ្លុះបញ្ចាំងពីភាពស្រស់ស្អាត និងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងទំនាក់ទំនងយូរអង្វែង ព្រមទាំងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងជានិមិត្តរូបក្នុងការលើកកម្ពស់ការផ្លាស់ប្តូរ វប្បធម៌រវាងប្រទេសកម្ពុជា-ជប៉ុន។ លើសពីនេះ ក៏ផ្តល់ឱកាសដល់យុវជន ដើម្បីចែករំលែក និងស្វែងយល់អំពីភាពសម្បូរបែបនៃវប្បធម៌ និងប្រពៃណី រួមទាំងអក្សរសាស្ត្រ ភាសា សិល្បៈ របាំ និងអាហាររវាងប្រទេសកម្ពុជា និងប្រទេសជប៉ុនថែមទៀត។
ដោយឡែកសម្រាប់លោកជំទាវ ប៉ែន មុនីមករា បានថ្លែងថា ការរៀបចំពិធីបុណ្យផ្កាយ ឬតាណាបាតា ជាការផ្លាស់ប្តូរវប្បធម៌ដ៏មានសារៈសំខាន់រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ដែលព្រឹត្តិការណ៍នេះ គឺជានិមិត្តសញ្ញានៃក្តីស្រឡាញ់ សន្តិភាព ការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងការគោរព និងឈ្វេងយល់វប្បធម៌គ្នាទៅវិញទៅមក ជាពិសេសរវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន។ ទន្ទឹមគ្នានេះ កម្ពុជា និងជប៉ុនបានដំឡើងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលចាត់ទុកថាជាទំព័រប្រវត្តិសាស្ត្រថ្មីរួមគ្នាសម្រាប់ប្រទេសទាំងពីរ។
លោកជំទាវ ប៉ែន មុនីមករា បានបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យផ្កាយ គឺពោរពេញទៅដោយសកម្មភាពវប្បធម៌ និងការសម្តែងសិល្បៈដ៏អស្ចារ្យដោយសិល្បករ សិល្បការិនី នៃប្រទេសទាំងពីរ។ លោកជំទាវសង្ឃឹមថាអ្នកទាំងអស់គ្នានៅទីនេះ ជាពិសេសយុវជនកម្ពុជានឹងចូលរួមរីករាយនឹងសកម្មភាព រៀនសូត្រអ្វីថ្មីៗ និងរាប់អានមិត្តភក្តិថ្មី។ ព្រឹត្តិការណ៍បុណ្យផ្កាយឆ្នាំ២០២៤នេះ គឺជាសក្ខីភាពដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជាតិទាំងពីរបន្តរីកលូតលាស់ ជាពិសេសក្នុងចំណោមយុវជន៕