ឯកឧត្តម សុខ លូ និងលោកជំទាវ ព្រមទាំងសាច់ញាតិ ប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់នៅវត្តពោធិរង្សីវឌ្ឍនារាម (ហៅវត្តសង្កែវារ) ក្នុងស្រុកបវេល


ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងសាច់ញាតិ បងប្អូន ក្រុមគ្រួសារ និងថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរ អង្គភាព នានាជុំវិញខេត្ត នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃដែលគង់ នៅវត្តពោធិរង្សីវឌ្ឍនារាម (ហៅវត្តសង្កែវារ) ព្រមទាំងជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនលោកតា លោកយាយ ចាស់ជរា ស្រ្ដីមេម៉ាយ និងគ្រួសារដែលមានជីវភាពខ្វះខាតចំនួន១០០គ្រួសារស្ថិតនៅភូមិសង្កែវារ ឃុំបវេលស្រុកបវេលខេត្តបាត់ដំបង។

ទេយ្យទានដែលត្រូវប្រគេនជូនព្រះសង្ឃនាពេលនេះមាន ទៀនវស្សា ស្បៀង សំភារ: ទេយ្យទានជាច្រើនមុខ ព្រមទាំងបច្ច័យមួយចំនួនផង ដើម្បីឧទ្ទិសកុសលជូនដល់ មាតា បិតា ជីដូន ជីតាញាតិការទាំងសងខាងទាំងប្រាំពីរ សណ្តានដែលបានចែកឋានកន្លងទៅហើយនោះ។

ដើម្បីគោរពតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះមានរយៈពេល៣ខែ ដោយចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាធ ហើយបញ្ចប់វិញ នៅថ្ងៃទី១៥រោច ខែកក្តិក។ ក្នុងអំឡុងបុណ្យចូលព្រះវស្សានេះ តាមព្រះវិន័យបានកំណត់ថា ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅខាងក្រៅបានឡើយ ដោយគង់នៅក្នុងទីអារាមរហូត ដូច្នេះទើបប្រជាពលរដ្ឋពុទ្ធបរិស័ទនាំគ្នាយកទៀនព្រះវស្សានិងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃ ដើម្បីគង់ចាំព្រះវស្សាអស់ត្រីមាស តកូន តចៅ រហូតមកដល់បច្ចុប្បន្ននេះ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ និងលោកជំទាវ បានអញ្ជើញ សំណេះសំណាល សួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋចំនួន១០០គ្រួសារ ស្ថិតនៅភូមិសង្កែវារ ឃុំបវេលស្រុកបវេលខេត្តបាត់ដំបង ព្រមទាំងបាននាំអំណោយជាស្បៀង ទេយ្យទាន និង ថវិកា ចែកជូនដល់ជនក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ និងគ្រួសារដែលមានជីវភាពខ្វះខាតចំនួន១០០គ្រួសារដល់ពួកគាត់ ក្នុងឱកាសបុណ្យប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃនាពេលនេះផងដែរ៕