រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានថ្លែថាខេត្តសៀមរាបជាខេត្តមានសក្តានុពល នៅក្នុងការអភិរក្សវិស័យសទេសចរណ៍សាសនាក្នុងដែនដីសម្បត្តិវប្បធម៌មនុស្សជាតិ ដែលពោរពេញដោយអរិយធម៌ វប្បធម៌ និងបេតិកភណ្ឌ


ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ថ្លែងថា ខេត្តសៀមរាបជាខេត្តមានសក្តានុពល ក្នុងការអភិរក្សវិស័យទេសចរណ៍សាសនាក្នុងដែនដីសម្បត្តិវប្បធម៌មនុស្សជាតិ ដែលពោរពេញដោយអរិយធម៌ វប្បធម៌ និងបេតិកភណ្ឌ ក្នុងឱកាស អញ្ជើញសំណេះសំណាលនិងសួរសុខទុក្ខ មន្ត្រីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម អភិបាលរង ង៉ូវ សេងកាក់ តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរធម្មការនិងសាសនាខេត្តសៀមរាប ។

លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តសៀមរាប បានជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី អំពីវឌ្ឍនភាពការងាររបស់មន្ទីរក្នុងការអនុវត្តកន្លងមក និងជូនអំពីស្ថានភាពសាសនាចំនួន៥ ដែលកំពុងធ្វើសកម្មភាពនៅទូទាំងខេត្ត សៀមរាប  រួមមាន ព្រះពុទ្ធសាសនា៩៨.៨៥% , ឥស្លាមសាសនា០.៥៦% , គ្រិស្តសាសនា ០.៥៥% , ព្រះពុទ្ធសាសនា មហាយាននិងសាសនាបាហៃ មានចំនួនតិចតួច ។

នាឱកាសនេះលោក ប្រធានមន្ទីរ បានជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី អំពី បញ្ហាប្រឈមមួយចំនួន និងគោរពស្នើរសុំឯកឧត្តមរដ្ឋមន្រ្តីអំពី កង្វះមន្ត្រីក្របខ័ណ្ឌគ្រូបង្រៀនគ្រប់កម្រិត បានក្លាយជាបញ្ហាប្រឈម ជាប្រចាំសម្រាប់វិស័យពុទ្ធិកសិក្សា។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា តបតាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់ និងគិតគូរប្រកបដោយគិតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញការអនុវត្តនូវោោកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់បណ្តាក្រសួងទាំងអស់ឲ្យ យកចិត្តទុកដាក់លើសុខទុក្ខមន្រ្តីរាជការរបស់ខ្លួនទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

ឯកឧត្តម រដ្ឋមន្រ្តី មានប្រសាសន៍ថា ការជួបសំណេះសំណាលនាឱកាសនេះ ក្នុងគោលបំណងដើម្បីឈ្វេងយល់នូវសកម្មភាពការងាររបស់មន្រ្តីរាជការនៃមន្ទីរធម្មការនិងសាសនា ស្តាប់ពីបញ្ហាប្រឈមចំនួនៗ និងសំនូមពរជាក់ស្តែងដែលជាតម្រូវការរបស់មន្ទីរខេត្តនីមួយៗ។

ឯកឧត្តម ចាយ បូរិន បានគូសបញ្ជាក់ថា កម្ពុជាមានសិទ្ធសេរីភាពពេញលេញ និងសុខដុមនីយកម្មខាងជំនឿសាសនា ដោយស្ថិតក្រោមច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងធម្មការនិងសាសនាជាសេនាធិការ គ្រប់គ្រង និងយកចិត្តទុកដាក់លើបង្រួបបង្រួមគ្រប់សាសនាទាំងអស់នៅកម្ពុជា ឲ្យមានសុខដុមនីយកម្មសាសនា ។

ដោយឡែកខេត្តសៀមរាប ជាខេត្តទេសចរណ៍ដ៏មានសក្តានុពល ដែលបង្ហាញអរិយធម៌ វប្បធម៌ និងសាសនា ដូចនេះមន្ទីរធម្មការនិងសាសនាខេត្តត្រូវយកចិត្តទុក្ខដាក់លើមន្ត្រីខ្លួន ដាច់ខាតត្រូវមាន ចំណេះ ជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ សិក្សាឲ្យច្បាស់នូវសាសនាទាំងអស់ក្នុងខេត្ត ហើយអភិរក្សទេសចរណ៍សាសនាឲ្យល្អប្រសើរ សម្រាប់ចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលយើងឲ្យកាន់តែរីកចម្រើនបន្ថែមបន្តទៀត៕