កម្ពុជា នឹងនាំយកគម្រោងវិនិយោគធំៗ និងផលិតផលឧស្សាហកម្មទៅបង្ហាញក្នុងពិព័រណ៍ចិន-អាស៊ានលើកទី២១


ពិព័រណ៍ចិន-អាស៊ានលើកទី២១ នឹងត្រូវរៀបចំធ្វើចាប់ពីថ្ងៃទី២៤-២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងណាននីង តំបន់ស្វយ័ត​ក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ ពិព័រណ៍នេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅទីក្រុងណាននីង ដោយចាប់ផ្តើម​រៀបចំ​ជាលើកដំបូងនៅឆ្នាំ២០០៤ ។ ប្រទេសកម្ពុជាត្រូវបានទទួលធ្វើជាប្រទេសកិត្តិយសក្នុងព្រឹត្តិការណ៍នេះ ចំនួនពីរ (០២)ដង រួចមកហើយ គឺនៅឆ្នាំ២០០៨ និងឆ្នាំ២០១៨។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ក្រុមការងារប្រតិបត្តិផ្សព្វផ្សាយព័ត៌មាន​តាមអ៊ីនធឺណិតក្រសួងព័ត៌មាននាព្រឹកថ្ងៃទី១៨ ខែកក្កដានេះថា ក្នុងការត្រៀមលក្ខណៈរៀបចំ និងចូលរួមព្រឹត្តិការណ៍ពិព័រណ៍​ខាងលើ កម្ពុជានឹងនាំយកគម្រោងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ខេត្តកោះកុងទៅបង្ហាញ​ដើម្បីស្វែង​រកដៃគូវិនិយោគលើវិស័យផលិតផលស្បែកជើង ផលិតផលធ្វើដំណើរ សេវាកម្មហិរញ្ញវត្ថុ ។ ផលិតផលកសិកម្មដូចជា អង្ករ ម្រេច គ្រាប់ស្វាយចន្ទី។ កសិ-ពាណិជ្ជកម្ម ដូចជាដំណាប់ផ្លែឈើក្រៀម កាហ្វេ តែ អាហារកែច្នៃ ម្ហូបអាហារនិងភេសជ្ជៈ។ ផលិតផល​ឧស្សាហកម្មដូចជាថ្មមាប ផលិតផលសិប្បកម្ម វត្ថុអនុស្សាវរីយ៍ និងគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ ជាដើម។

មន្ត្រីអ្នកនាំពាក្យបានបញ្ជាក់ថា ក្រសួងរំពឹងថានឹងមានក្រុមហ៊ុន សហគ្រាសកម្ពុជាចាប់ពី៦០-៧០ ក្រុមហ៊ុនចូលរួម កើនលើស​ឆ្នាំ២០២៣ កន្លងទៅ ដែលមានក្រុមហ៊ុនចូលរួមត្រឹមតែ៥៥ ក្រុមហ៊ុនប៉ុណ្ណោះ។

សំដៅទៅលើព្រឹត្តិការណ៍ពាណិជ្ជកម្មប្រចាំឆ្នាំនេះ ឯកឧត្តម ប៉ែន សុវិជាតិ បានពណ៌នាថា ពិព័រណ៍ចិន-អាស៊ានលើកទី២១ គឺជាវេទិកាដែលថ្នាក់ដឹកនាំកំពូលចិន-អាស៊ាន យកចិត្តទុកដាក់ខ្ពស់ និងបានមកជួបប្រជុំគ្នាដើម្បីផ្លាស់ ប្តូរគោលនយោបាយ យុទ្ធសាស្រ្ត និងបង្កើនចំណងទាក់ទងគ្នាកាន់តែស្អិតរមួត ដែលបង្ហាញពីភាពស្មើមុខ ស្មើមាត់ ស្មើសិទ្ធិ និងស្មើភាពគ្នារបស់កម្ពុជា ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ ។ កម្ពុជាបានចូលរួមផ្សព្វផ្សាយផលិតផលសក្តានុពលរបស់កម្ពុជា នៅលើទីផ្សារ​អន្តរជាតិ, ស្វែងរកទីផ្សារនាំចេញទំនិញពីកម្ពុជា និងពង្រឹងភាពជាម្ចាស់នៃវិស័យឯកជនឱ្យមានបណ្តាញជាអន្តរជាតិ, ទាក់ទាញ​វិនិយោគពីបរទេសឱ្យចូលមកកម្ពុជា តាមរយៈការរៀបចំវេទិកាធុរកិច្ច វិនិយោគ និងទេសចរណ៍និងកិច្ចពិភាក្សាធុរកិច្ច​រវាង​ពាណិជ្ជករ​កម្ពុជា និងបរទេស និងពង្រឹងកិច្ចសហប្រតិបត្តិការល្អលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងកម្ពុជា-ចិន និងរវាងកម្ពុជា ជាមួយប្រទេស​នានាក្នុងតំបន់ និងអាស៊ាន

ជាមួយគ្នានោះ ពិព័រណ៍ចិន-អាស៊ានលើកទី២១ អាចឱ្យកម្ពុជា ផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរដ៏ល្អផូរផង់លើឆាកអន្តរជាតិ, ពង្រឹងទំនាក់ទំនងនយោបាយការទូត ជំរុញនិងលើកកម្ពស់គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងផ្លូវសូត្រសមុទ្រសតវត្សទី២១, ជំរុញការនាំចេញក្នុងតំបន់ចិន-អាស៊ាន, បង្កើនប្រសិទ្ធភាពក្នុងការកសាងយន្តការតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ទ្វេភាគី និងពហុភាគី និងបង្កើនចំណូលសេដ្ឋកិច្ចជាតិតាមរយៈកិច្ចសន្យាលើគម្រោងវិនិយោគ ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ។

គួរបញ្ជាក់ផងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់​ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិធីសម្ពោធពិព័រណ៍ខាងលើ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះដែរ។

បើតាមរបាយការណ៍ ក្នុងរយៈពេល៦ខែឆ្នាំ២០២៤(ចាប់ពីខែមករា-មិថុនា) កម្ពុជាបាននាំចេញទៅចិនក្នុងទឹកប្រាក់ចំនួន ៨១៤,៨២៩ ពាន់ដុល្លារ កើនឡើង ១៤.២ភាគរយ និងនាំចូលមកវិញក្នុងទឹកប្រាក់ចំនួន ៦.៤ ពាន់លានដុល្លារ កើនឡើង ១៩.៤ភាគរយ។ ប្រទេសចិនស្ថិតនៅលំដាប់ទី១ជាដៃគូពាណិជ្ជកម្មរបស់កម្ពុជាដែលធ្វើការនាំចេញ នាំចូលទំនិញច្រើនជាងគេ ហើយប្រទេសជាដៃគូពាណិជ្ជកម្មកំពូលៗរបស់កម្ពុជាបន្ទាប់ពីចិនមានដូចជា អាម៉េរិក វៀតណាម ថៃ និងជប៉ុន។ល។

ទន្ទឹមនឹងនេះកិច្ចព្រមព្រៀងភាពជាដៃគូ​សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) គឺជាកត្តាជំរុញ​សម្រាប់​កំណើនពាណិជ្ជកម្មនេះ។ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងពីរ ផលិតផលរបស់កម្ពុជា ជាពិសេសកសិផលដែលមាន​គុណភាពខ្ពស់ដូចជា អង្ករ ចេកលឿង ស្វាយ ដំឡូងមី និងម្រេច ត្រូវបាននាំចេញទៅ​កាន់ប្រទេសចិន​ជាមួយនឹងការអនុគ្រោះពន្ធ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ែន សុវិជាតិ ទៅកាន់សារព័ត៌មានស៊ីនហួរ( Xinhua)៕ ដោយ៖ កន ចំណាន

រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ