ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមជាមួយអាជ្ញាធរ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ យុវជន សិស្ស និស្សិត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើននាក់ ដាំកូនត្នោតចំនួន ១០ ០០០ ដើម នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា ការដាំកូនត្នោតនៅពេលនេះ ចំនួន ១០,០០០ដើម ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត នៅត្រពាំងថ្លឹង ខេត្តត្បូងឃ្មុំ ដើម្បីបណ្ដុះផ្នត់គំនិត «ពន្លកបៃតង» ដែលចូលរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងបរិស្ថាន។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា ត្នោតគឺជាដើមរុក្ខជាតិរបស់ប្រទេសកម្ពុជា ហើយព្រឹត្តិការណ៍ដាំកូនត្នោត ពិតជាមានសារៈសំខាន់ ក្នុងការបំផុសស្មារតីរបស់ពលរដ្ឋឱ្យចូលរួមដាំកូនត្នោត ការថែរក្សាអត្តសញ្ញាណនិងវប្បធម៌ជាតិរបស់ប្រទេសកម្ពុជា។
ជាមួយគ្នានេះឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានរំលឹកដែរថារាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយបង្កើនគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០ ហើយក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រា ដែលផ្តោតលើសរសរស្តមចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។
ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ជាពិសេសការថែរក្សា បានបរិស្ថានល្អបរិសុទ្ធ បន្ទាប់ពីមានស្រាវជ្រាវ រកឃើញប្រភេទសត្វកម្រជិតផុតពូជរស់នៅកម្ពុជា ជាបន្តបន្ទាប់រស់នៅក្នុងតំបន់ការពារធម្មជាតិ ជាពិសេសការរកឃើញកាលពីពេលថ្មីៗ ប្រភេទក្រពើភ្នំបានពងកូននិងញាស់ក្នុងធម្មជាតិ បានចំនួន ៦០ក្បាល ដែលបានធ្វើឱ្យពិភពលោកមានការស្ងើចសរសើរអំពីការអភិរក្សាបរិស្ថានកម្ពុជាបានល្អ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យនាំគ្នាដាំដើមត្នោត និងដើមឈើនានា ឱ្យបានច្រើន គោលបំណងទុកជាប្រយោជន៍ ក្នុងសហគមន៍ បង្កើនជីវៈចម្រុះ សេដ្ឋកិច្ច សង្គម និងបង្កើនទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។
កន្លងមក ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងនោះយុទ្ធសាស្ត្រទី២ ភាពបៃតង ផ្តោតលើអាទិភាពចំនួន៣គឺ ជំរុញការដាំដុះកូនឈើ ដើម្បីបង្កើនគម្របបៃតង ក្នុងនោះមានយុទ្ធនាការ ពន្លកបៃតង ចែកជូនកូនឈើជូនប្រជាពលរដ្ឋយកទៅដាំ យ៉ាងតិច១លានដើមក្នុង១ឆ្នាំ ជំរុញលើការការពារ និងអភិរក្សជីវចម្រុះការអនុវត្តច្បាប់ ចំពោះបទល្មើសធនធានធម្មជាតិ ព្រមទាំងកិច្ចសហការនានាជាមួយអ្នកពាក់ព័ន្ធ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យដាំដើមឈើឱ្យបានច្រើន ចូលរួមអភិរក្សជីវៈចម្រុះ និងបានបង្កើនជីវភាពតាមរយៈទេសចរណ៍លំហែបៃតងនៅតាមតំបន់ការពារធម្មជាតិ។
សូមបញ្ជាក់ថា នៅឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តី បានប្រគល់កូនត្នោតចំនួន ៣០ម៉ឺនដើម ដល់យុទ្ធនាការពន្លកបៃតង ដោយបានចែកជូនកូនឈើសរុប ១លាន ៣សែនដើម រួចមកហើយ ដល់ប្រជាពលរដ្ឋទៅដាំដោយឥតគិតថ្លៃ នៅតាមមូលដ្ឋាន វត្តអារាម សាលារៀន ទីសាធារណៈនិងដាំស្តារព្រៃនៅតាមសហគមន៍នានា ដើម្បីបង្កើនគម្របបៃតង ឆ្ពោះទៅសម្រេចទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញបង្កើនគម្របព្រៃ៦០ ភាគរយ នៅឆ្នាំ២០៥០ ក្នុងនោះយើងមានថ្នាលបណ្តុះកូនត្នោត ដែលគ្រោងបណ្តុះកូនត្នោតបន្ថែមទៀត ឱ្យបានច្រើនលានគ្រាប់ នៅឆ្នាំបន្តបន្ទាប់ សម្រាប់ដាំដុះនៅពេលខាងមុខ។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏បានកំពុងជំរុញឱ្យមន្ទីរបរិស្ថានរាជធានី ខេត្តទាំងអស់ ប្រមូលគ្រាប់ត្នោត ដើម្បីបណ្តុះ ជាមួយកូនឈើនានាផ្សេងទៀត ដើម្បីទុកចែកជូនប្រជាពលរដ្ឋដាំ នៅក្នុងឆ្នាំបន្តបន្ទាប់ផងដែរ។
ជាមួយគ្នានោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ការដាំកូនត្នោត នៅក្នុងតំបន់ភូមិសាស្ត្រខេត្តត្បូងឃ្មុំនៅពេលនេះ ជាការចូលរួមចំណែកធ្វើឱ្យសហគមន៍មានភាពបៃតង ហើយត្នោតគឺជារុក្ខជាតិតំណាងជាតិខ្មែរ ដែលមានគុណប្រយោជន៍ជាច្រើនដូចជា ផ្លែធ្វើនំ បង្អែម ស្លឹកធ្វើជាមួក ដំបូលផ្ទះ ដើមធ្វើទូក គ្រឿងសង្ហារិម និងរបស់ប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀត។ ដូច្នេះក្នុងនាមថ្នាក់ដឹកនាំខេត្តលោកសូមលើកទឹកចិត្តដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បងប្អូនប្រជាពលរដ្ឋ ពិសេសយុវជន សិស្សានុស្ស ត្រូវចូលរួមដាំ និងថែរក្សាទាំងអស់គ្នា៕