ឯកឧត្តមអភិបាលខេត្តកណ្តាល ណែនាំអាជ្ញាធរតាមក្រុងស្រុក និងកម្លាំងប្រដាប់អាវុធ តាមដានបញ្ហាទឹកជំនន់ និងត្រៀមខ្លួនដើម្បីជួយសង្គ្រោះពលរដ្ឋគ្រប់ពេលវេលា


ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ថា ទឹកជំនន់ធ្លាក់ពីខេត្តកំពង់ស្ពឺ នៅតែបន្តការគំរាមកំហែងដល់ការរស់នៅ ផលដំណាំរបស់ប្រជាកសិករនៅក្នុងមូលដ្ឋានស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ។

បើតាមឯកឧត្តមអភិបាលខេត្តកណ្តាល, តាមរបាយការណ៍ពីក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា នៅថ្ងៃទី២៩ ខែកក្កដា មានការបើកទ្វារទឹក ជាបន្តបន្ទាប់នៅផ្នែកខាងលើដើម្បីបញ្ចៀសហានិភ័យធ្ងន់ធ្ងរ ដោយសារទឹកជំនន់នៅផ្នែកខាងលើ។ ដូច្នេះទឹកនេះនឹងបន្តធ្លាក់មកផ្នែកខាងក្រោម ដែលអាចបង្កផលប៉ះពាល់ដល់ស្រុកកណ្តាលស្ទឹង ក្រុងតាខ្មៅ និងស្រុកស្អាងជាដើម។

ឯកឧត្តម គួច ចំរើន បានអំពាវនាវថា៖ «សូមឱ្យបង្កើននូវការយកចិត្តទុកដាក់ និងការតាមដានជាពិសេសចំពោះមុខ គឺបញ្ហាសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋរបស់យើង ដែលនៅផ្នែកខាងក្រោម»

បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ត្រូវបន្តយកចិត្តទុកដាក់ចំពោះហានិភ័យដែលបង្កឡើងដោយសាររដូវទឹកជំនន់នេះ ពិសេសសត្វអាសិរពិសផ្សេងៗ ហើយមន្ត្រីសុខាភិបាល ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ដើម្បីបង្ការ និងទប់ទល់ជាមួយស្ថានភាពដែលងាយនឹងកើតឡើងនៅក្នុងរដូវទឹកជំនន់នេះ។

«អាជ្ញាធរ និងកងកម្លាំងសូមតាមដានស្ថានភាពនេះឱ្យបានជាប់ជាប្រចាំ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ហើយក្នុងករណីដែលមានបងប្អូនប្រជាពលរដ្ឋ ណារងគ្រោះសូមស្វែងរកក្រុមគ្រូពេទ្យ ដែលប្រចាំការនៅតាមគោលដៅ និងនៅតាមមណ្ឌលសុខភាព ហើយក្រុមគ្រូពេទ្យទាំងអស់ ត្រូវត្រៀមបង្ការជួយសង្គ្រោះនៅគ្រប់ពេលវេលា»។ នេះជាការលើកឡើងបន្ថែមរបស់លោក គួច ចំរើន។

ឯកឧត្តម គួច ចំរើន ក៏បានណែនាំបន្ថែមដល់អាជ្ញាធរទាំងអស់ ត្រូវបន្តតាមដានសកម្មភាពមុខរបររបស់ប្រជាពលរដ្ឋ នៅក្នុងកំឡុងគ្រោះទឹកជំនន់នេះ ជាពិសេសលើផលដំណាំផ្សេងៗជាដើម ដោយទទួលខុសត្រូវខ្ពស់ និងម៉ត់ចត់ចំពោះបញ្ហាចំពោះមុខ ដើម្បីសម្រួលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះផងដែរ៕