ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តឲ្យអ្នកសារព័ត៌មាន បន្តផលិតមាតិកាព័ត៌មានល្អៗ បានកាន់ច្រើនពាក់ព័ន្ធសម្បត្តិធម្មជាតិ សុខភាពសាធារណៈ បម្រែបម្រួលអាកាសធាតុ សន្តិសុខស្បៀងអាហារ អាហារូបត្ថម្ភជាដើម ដើម្បីឲ្យសាធារណៈជនបានដឹងពីការវិវឌ្ឍនៃប្រភេទជំងឺ និងមេរោគថ្មីៗ កាន់តែគ្រោះថ្នាក់ឡើង។
បន្ថែមពីនោះទៀត ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ដូច្នេះហើយគ្រប់ក្រសួង ស្ថាបន័ អង្គការជាតិ អន្តរជាតិ និងអ្នកសារព័ត៌មាន មិនអាចនៅប្រងើយកន្តើយ នៅក្នុងការដែលមិនគិតពីបញ្ហារួម នៃបញ្ហាសុខភាពរួមតែមួយនោះទេ។
ការលើកឡើងនេះ ក្នុងសិក្ខាសាលាបើកដំណើការគម្រោង «ប្រព័ន្ធផ្សព្វផ្សាយ សម្រាប់សុខភាពតែមួយ» MEDAI FOR ONE HEALTH រៀបចំឡើងដោយភ្នាក់ងារអភិវឌ្ឍន៍ប្រពន្ធ័ផ្សព្វផ្សាយនៃប្រទេសបារាំង CFI ដែលជាប្រតិបត្តិការក្រសួងអឺរ៉ុប និងបរទេសបារាំង ទទួលបន្ទុកអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នាសណ្ឋាគារ Sun Way ភ្នំពេញ។
ឯកឧត្តម នេត្រ ភក្ត្រា បានជំរុញដល់អ្នកសារព័ត៌មាន ពង្រីកនូវចំណេះដឹងរបស់ខ្លួន និងពង្រឹងនូវស្នាដៃសរសេរអត្ថបទរបស់ខ្លួន ដើម្បផ្តល់នូវចំណេះដឹងងាយយល់ដល់សាធារណៈជន ព្រោះថា ការចូលរួមផ្សព្វផ្សាយគ្រប់ជ្រុងជ្រោយប្រកបដោយខ្លឹមសារល្អៗនេះហើយ ដែលនាំឲ្យអ្នកសារព័ត៌មានអាចចូលរួមដោះស្រាយបញ្ហាសង្គម តាមរយៈការផ្តល់នូវការអប់រំជូនដល់ប្រជាពលរដ្ឋ ដើម្បីបង្ការទប់ស្កាត់ ការពារ ពិសេសចូលរួមជា មួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយលើការចំណាយទៅលើគ្រោះមហន្តរាយ នៃជំងឺផ្សេងៗដែលយើងអាចបង្ការ និងការពារបាន។
ឯកឧត្តមបន្ដថា ទន្ទឹមនេះ ក៏ជាការពង្រឹងនូវការយល់ដឹងរបស់សង្គមដែលមិនអាចស្ថិតនៅនឹងមួយកន្លែង ដោយមិនរត់តាមការវិវឌ្ឍនៃបច្ចេកវិទ្យា ការផ្លាស់ប្តូរនៃបរិយាកាស និងការប្រែប្រួលអាកាសធាតុនោះទេ ។ ការប្រែប្រួលអាកាសធាតុដែលត្រូវប្រឈមនៅពេលខាងមុខវាកាន់តែធ្វើអោយជំងឺ និងមេរោគ កាន់តែមានភាពធន់ទៅនឹងការផ្លាស់ប្តូរបរិយាកាស អាកាសធាតុនិងបរិស្ថាន បង្កើតអោយមានមេរោគថ្មីៗ គ្រោះមហន្តរាយថ្មីៗកើតឡើងចំពោះយើងទាំងអស់គ្នា។
ឯកឧត្តមបានលើកឡើងថា ដូចនេះហើយការប្រើប្រាស់តួនាទីរបស់ប្រពន្ធ័ផ្សព្វផ្សាយ ក្នុងការបញ្ជូនព័ត៌មាន ចំណេះដឹង និងការបង្ការទប់ស្កាត់ជាមុនទៅដល់ប្រជាពលរដ្ឋបានលឿន គឺជាភាពចាំបាច់ ដើម្បីឲ្យសង្គមរបស់យើងជៀសចាកផុតពីការប្រឈមនានា។
ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា គូសបញ្ជាក់ថា បច្ចុប្បន្ននេះ សារព័ត៌មាន បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងសុខភាពសាធារណៈ ហើយតួនាទីនេះ បានឆ្លុះបញ្ចាំងកាន់តែច្បាស់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការលេចឡើងនូវជំងឺរាតត្បាតថ្មីៗ ដូចជាជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត ដែលកើតឡើងចំពោះមនុស្ស សត្វ ហើយដែលមានជាប់ពាក់ព័ន្ធនឹង ការប្រែប្រួល ធាតុអាកាស ឬការប៉ះពាល់បរិស្ថាន។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា នៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ ជាពិសេសនៅប្រទេសកម្ពុជា កំពុងតែជួបប្រទះ នឹងផលវិបាកនៃការប្រែប្រួលអាកាសធាតុជាសកល ដោយអាកាសធាតុចាប់ឡើងកម្តៅ កាន់តែខ្ពស់មិនធ្លាប់មានពីមុនមក គ្រោះរាំងស្ងួត និងព្យុះទីហ្វុងជាដើម បានបង្កហានិភ័យកាន់តែខ្លាំងឡើងៗ និងមិនអាចប្រមើលទុកមុនបាន។ ទន្ទឹមនឹងនេះ ការអភិវឌ្ឍមួយចំនួនពេលខ្លះ នាំដល់ការដាក់សម្ពាធទៅលើបរិស្ថាន ដែលបាតុភាពនេះ បានរួមចំណែកបង្កផលវិបាកនានា ដោយ ចាប់ផ្តើមពីផលប៉ះពាល់លើសុខភាពរបស់ មនុស្ស។
បញ្ហាផ្សេងៗទៀតមានដូចជា៖ ការវិវត្តនៃជំងឺថ្មីៗក្នុងចំណោមបសុសត្វ ហានិភ័យសុខភាពដោយសារកត្តាអាហារ ការបង្កើនភាពស៊ាំនៃមេរោគចំពោះការព្យាបាលដោយប្រើថ្នាំអង់ទីប្យូទិក ការគំរាមកំហែងឥតឈប់ឈរនៃការចម្លងជំងឺពីសត្វទៅមនុស្ស ។
លោក ហ្សាក់ ប៉ឺឡេ ( Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានលើកឡើងថា យន្តការ «សុខភាពតែមួយ» ឬ «One Health» អាចអនុញ្ញាតឲ្យយើងផ្តល់ចម្លើយ និងយុទ្ធសាស្ត្រប្រឆាំងចំពោះបញ្ហា និងហានិភ័យដែលកើតឡើងបាន។ ប៉ុន្តែរហូតមកដល់ពេលនេះ យន្តការ «សុខភាពតែមួយ» នៅតែត្រូវបានគេស្គាល់តិចតួចនៅឡើយ ក្នុងចំណោមប្រជាជន។
លោកថា ថ្វីបើមានឯកសារជាច្រើននិយាយអំពីយន្តការនេះ ហើយត្រូវបានអនុវត្តយ៉ាងទូលំទូលាយដោយប្រទេសនានានៅក្នុងតំបន់ ដោយអង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិក៏ដោយ ក៏ការផ្សព្វផ្សាយព័ត៌មានអំពីបរិស្ថាន និងសុខភាពពុំទាន់បានបង្ហាញគ្រប់គ្រាន់ពីផលវិបាកច្រើនផ្នែកនៃការប្រែប្រួលអាកាសធាតុ និងបរិស្ថានទៅលើសុខភាពមនុស្ស និងសត្វនៅឡើយ។
លោកថា ដូចនេះហើយបានជាទីភ្នាក់ងារ CFI ចូលរួមជួយជ្រោមជ្រែងឲ្យអ្នកសារព័ត៌មានដើរតួនាទីឈានមុខមួយក្នុងការបង្ការជំងឺឆ្លង តាមរយៈការធ្វើជាអ្នកនាំសាររវាងអ្នកវិទ្យាសាស្ត្រ អ្នកធ្វើការសម្រេចចិត្ត សង្គមស៊ីវិល និងប្រជាជន៕