បណ្ឌិត កៅ គឹមហួន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសព្រុយណេ ចាប់ពីថ្ងៃទី១៣ ដល់១៥ ខែសីហា


តបតាមការអញ្ជើញរបស់រដ្ឋាភិបាលព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ដែលរួមមានសសរស្តម្ភទាំងបី នៃសហគមន៍អាស៊ាន ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសព្រុយណេ ពីថ្ងៃទី១៣ ដល់១៥ ខែសីហា ឆ្នាំ២០២៤។

នៅក្នុងអំឡុងពេលទស្សនកិច្ចនោះ អគ្គលេខាធិការអាស៊ាន នឹងចូលគាល់ព្រះករុណាព្រះមហាក្សត្រ Sultan Haji Hassanal Bolkiah នៃប្រទេសព្រុយណេ ជួបសវនការជាមួយព្រះអង្គម្ចាស់ Haji Al- Muhtadee Billah ibni ទេសរដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការនាយករដ្ឋមន្ត្រី។

ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏គ្រោងពិភាក្សាទ្វេភាគីជាមួយ លោក Dato Erywan Pehin Yusof រដ្ឋមន្ត្រីការបរទេសទី២ ព្រុយណេ, លោក Dato Dr. Amin Liew Abdullah រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុទី២, លោកបណ្ឌិត Isham Jaafar រដ្ឋមន្ត្រីសុខាភិបាល, Pengiran Dato Shamhary Pengiran Dato Mustapha រដ្ឋមន្ត្រីដឹកជញ្ជូន និងគមនាគមន៍ និងលោកបណ្ឌិត Manaf Metussin រដ្ឋមន្ត្រីទេសចរណ៍។

ដើម្បីជំរុញការទូតសាធារណៈអាស៊ាន អគ្គលេខាធិការអាស៊ាន នឹងផ្តល់សន្ទរកថាគន្លឹះនៅសាកលវិទ្យាល័យ Universiti Brunei Darussalam ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការ កិច្ចសហការ និងយុវជន៖ មូលដ្ឋានគ្រឹះនៃនវានុវត្តន៍ និងនរន្តភាព»