ឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់៖ មួយឆ្នាំមកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរឆ្លងកាត់ទ្វីបចំនួន៥ ដើម្បីបំពេញការងារនៅក្រៅប្រទេស


ឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា រយៈពេល១ឆ្នាំមកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា​ បានធ្វើដំណើរឆ្លងកាត់ទ្វីបចំនួន៥ របស់ពិភពលោក ក្នុងនោះមានទ្វីបអាស៊ី អាមេរិក អាហ្វ្រិក អឺរ៉ុប និងអូសេអានី និងប្រទេសចំនួន១៦ ដើម្បីបំពេញការងារការបរទេស និងទាក់ទាញវិនិយោគដ៏មមៀញញឹក និងសកម្ម។

ការបញ្ជាក់របស់ ឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ បានធ្វើឡើងនៅក្នុងឱកាសដែល អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំស​ន្និសីទសារព័ត៌មាន បង្ហាញសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។

ឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ដូច្នេះថា៖ «សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរឆ្លងកាត់ទ្វីបទាំង៥ នៃពិភពលោក អាស៊ី អាមេរិក អាហ្វិច អឺរ៉ុប និងអូសេអានី និងប្រទេសចំនួន១៦ គឺជាសកម្មភាពការបរទេស នៅក្រៅស្រុកមួយមមៀញញឹក និងសកម្ម»

ឯកឧត្តមបានបន្តថា សម្តេចបានចូលរួមក្នុងជំនួបកំពូល តំបន់ប្រជុំអន្ដរជាតិមួយចំនួនរួមមាន៖ មហាសន្និបាតអង្គការសហប្រជាជាតិ នៅញូវយ៉កសហរដ្ឋអាមេរិក វេទិការខ្សែក្រវ៉ាត់ និងផ្លូវនៅប៉េកាំង ប្រទេសចិន ជំនួបកំពូលអាស៊ានក្រុមប្រឹក្សាកិច្ចសហប្រតិ្ដបត្ដិការ ឈូកសមុទ្រពែក្ស កិច្ចប្រជុំកំពូលរំលឹកអនុស្សាវរីយ៍ ដើម្បីអបអរសាទរ ឆ្នាំទី៥០ នៃមិត្ដភាព និងកិច្ចសហប្រត្ដិបត្ដិការ អាស៊ាន ជប៉ុន នៅតូត្យូ ប្រទេសជប៉ុន ជំនួបកំពូលពិសេសអាស៊ាន អូស្រ្ដាលី នៅមែលប៊ន ប្រទេសអូស្រ្ដាលី។ល។

ឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ បានបន្ដថា ម៉្យាងទៀត វត្តមានសម្តេចធិបតី សុទ្ធសឹង តែជាទស្សនកិច្ចផ្លូវការនៅបណ្ដាប្រទេសមិត្ដជិតខាង បណ្ដាមិត្ដក្នុងតំបន់ និងមិត្ដក្នុងលោក រួមមាន៖ ទស្សនកិច្ចនៅចិន វៀតណាម បារាំង ថៃ ម៉ាឡេស៊ី ឡាវ កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម។ល។

បន្ថែមពីនេះ ឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ បានបន្ដទៀតថា ការធ្វើតុល្យការសរុបរយៈពេលមួយឆ្នាំ នៃការទូតដ៏សកម្មនេះ គឺការពិបាកមិនមែនងាយស្រួលយ៉ាងណាក៏ដោយ យើងអាចសំយោគកិច្ចការនិងលទ្ធផល នៃនយោបាយការបរទេសរបស់កម្ពុជា នារយៈពេល១២ខែចុងក្រោយនេះ ដោយអះអាងថា ការទូតនៃកម្ពុជា មានមុខព្រួញពីរសំខាន់ទី១៖ គឺពង្រឹងមិត្ដភាពចាស់ ពង្រើកមិត្ដភាពថ្មី ទី២៖ ពង្រឹកជំហរកម្ពុជា លើឆាកអន្ដរជាតិ បន្ដជម្រុញសហគមន៍អន្ដរជាតិឱ្យគោរពកម្ពុជា ដែលជារដ្ឋអធិបតេយ្យមួយពេញលក្ខណៈ៕