អ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រមានដល់យុវជនមួយចំនួន ដែលជេរប្រមាថ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាថា «សមាជិកគណបក្សប្រជាជនកម្ពុជា មានចំនួនច្រើនណាស់ ប៉ុន្តែគេអត់ធ្មត់»


ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ បានព្រមានដល់យុវជនមួយចំនួន ដែលតែងជេរប្រមាថ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាថា សមាជិកគណបក្សប្រជាជនកម្ពុជា មានចំនួនច្រើនណាស់ ប៉ុន្តែពួកគេអត់ធ្មត់។

ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា រូបឯកឧត្តមផ្ទាល់ ក្រៅពីអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តមក៏ជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាមួយរូប ឯកឧត្តមជាមន្ត្រី ក្នុងជួររាជរដ្ឋាភិបាល ឯកឧត្តមមានការឈឺចាប់ដែរ នៅពេលដែលពួកលោកអ្នកជេរប្រមាថថ្នាក់ដឹកនាំរបស់ឯកឧត្តម។

ការព្រមានបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ប៉ែន បូណា អញ្ជើញចូលរួម ក្នុងវេទិកាសារព័ត៌មាន លើកទី៤ ស្ដីពី «គោលនយោបាយជាតិ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ រយៈពេល១ឆ្នាំ» ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ។

ឯកឧត្តម ប៉ែន បូណា បានព្រមានយ៉ាងដូច្នេះ «សូមជម្រាបថា សមាជិកគាំទ្របក្សប្រជាជនកម្ពុជាច្រើនណាស់ ប៉ុន្តែគេសម្ដែងភាពអត់ធ្មត់ គេមានភាពចាស់ទុំ ក្នុងនាមអ្នកគាំទ្រគណបក្សកាន់អំណាច គេមិនចង់ធ្វើអ្វីមួយ ឲ្យវាមានបញ្ហានៅក្នុងសង្គម គេអត់ធ្មត់ ប៉ុន្តែបើដល់កម្រិតមួយ ដែលគេអត់ធ្មត់លែងបាន»

បន្ថែមពីនោះទៀត ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា ឯកឧត្តមជឿជាក់ថា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នា គឺមានការស្រុះគ្នាណាស់ ដើម្បីការពារគណបក្ស, ការពាររាជរដ្ឋាភិបាល, ការពារថ្នាក់ដឹកនាំ ដែលបានលះបង់ធំធេងខ្លាំងណាស់ សម្រាប់ប្រទេសជាតិ និងប្រជាជនមួយនេះ។

ឯកឧត្តម ប៉ែន បូណា បានសង្កត់ធ្ងន់ថា «នេះជាសារទៅកាន់ក្រុមប្រឆាំងជ្រុលនិយម កុំឲ្យមានភាពគឃ្លើនខ្លាំងពេក ជាពិសេសក្មេងៗ ដែលមិនទាន់ជ្រុះពន្លៃពីក្បាល នាំគ្នាជេរប្រមាថថ្នាក់ដឹកនាំរបស់យើង»

ឯកឧត្តម ប៉ែន បូណា ក៏បានប្រាប់យុវជនមួយចំនួនតូចនោះ ឲ្យសូមបញ្ឈប់សកម្មភាពអស់ទាំងនេះជាបន្ទាន់ ហើយវិលមកអង្គុយជុំគ្នា ដើម្បីគិតថា យើងប្រឆាំងម៉េច យើងជួយបំពេញបន្ថែមម៉េច យើងបង្ហាញគោលនយោបាយម៉េច បង្ហាញគំនិតម៉េច ទៅដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគេទទួលយក និងគាំទ្រ។

ទន្ទឹមគ្នានេះ ឯកឧត្តម ប៉ែន បូណា ក៏បានឲ្យដឹងផងដែរថា ឥឡូវនេះ នៅមាន Facebook គ្រាន់តែទុកស្រែក ចំពោះយុវជនមួយចំនួន ដែលគាត់មិនទាន់យល់ និងលង់ជឿបក្សប្រឆាំង។ លោកថា តិចទៀត រាជរដ្ឋាភិបាល ដែលកសាងមូលធនមនុស្ស មនុស្សចេះដឹងកាន់តែខ្ពស់ កសាងជីវភាពប្រជាពលរដ្ឋឲ្យខ្ពស់ មនុស្សមានជីវភាព មានទទួលបានផលប្រយោជន៍ពីរាជរដ្ឋាភិបាល ពេលនោះ នយោបាយរបស់បក្សប្រឆាំង ដូចបច្ចុប្បន្ននេះ នឹងសាបរលាបទៅវិញដោយឯកឯង។

ឯកឧត្តម ប៉ែន បូណា បានស្នើសុំផងដែរ ក្នុងនាមជាខ្មែរដូចគ្នា សូមមេត្ដាបញ្ឈប់សកម្មភាពជេរប្រមាថបែបនេះ ហើយកែទៅធ្វើជាអ្នកប្រឆាំងមួយ ដែលជួយបំពេញចន្លោះប្រហោង ដើម្បីជាតិ និងដើម្បីអភិវឌ្ឍប្រទេសជាតិ៕