អ្នកនាំពាក្យនាយករដ្ឋមន្ដ្រី បង្ហាញលទ្ធផលជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានក្រុមហ៊ុន Everbright Group របស់ចិន


នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co., Ltd និងជាតំណាងគណៈប្រតិភូក្រុមហ៊ុនវិនិយោគ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនាយករដ្ឋមន្ដ្រី ដែលបណ្ដាញព័ត៌មាន ទទួលបានឲ្យដឹងថា ក្នុងជំនួបនោះ លោក Zhao Yudong បានសម្តែងនូវការពេញចិត្ត និងការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងវិធានការថ្មីប្រកបដោយភាពជាក់ស្ដែងនិយម ក្នុងការលើកទឹកចិត្តដល់វិនិយោគិន និងការធានានូវបរិស្ថានល្អប្រសើរសម្រាប់ការវិនិយោគនៅកម្ពុជា។

លោក Zhao Yudong ក៏បានគោរពជម្រាបជូន សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនវិនិយោគទាំង១២ក្រុមហ៊ុននៅកម្ពុជា នាឱកាសនេះ គឺក្នុងគោលបំណងស្វែងរកឱកាសវិនិយោគលើវិស័យសក្ដានុពលនានា ដូចជា វិស័យថាមពលស្អាត និងបរិស្ថាន សុខាភិបាល កសិកម្ម ឧស្សាហកម្ម ហិរញ្ញវត្ថុ និងវិស័យផ្សេងៗមួយចំនួនទៀត។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍ចំពោះចំណាប់អារម្មណ៍ របស់ក្រុមហ៊ុនទាំង១២ ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្ដេចធិបតី បានគូសបញ្ជាក់ថា វិស័យ សក្តានុពល ដែលគណៈប្រតិភូចាប់អារម្មណ៍ គឺជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ និងត្រៀមផ្តល់កិច្ចសម្របសម្រួល ក៏ដូចជាការលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនវិនិយោគ។

សម្តេចធិបតីនាយករដ្ឋមន្ដ្រី បានគូសរំលេចអំពីគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតនូវក្របខ័ណ្ឌសម្រាប់វិនិយោគិន បរទេស ដែលរួមមានដូចជា៖ ការដាក់ចេញនូវច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា លិខិតបទដ្ឋាន គតិយុត្ត និងវិធានការចាំបាច់នានា ជាមួយនឹងកញ្ចប់វិធានការលើកទឹកចិត្ត ដែលបង្កើតនូវបរិយាកាសវិនិយោគ ដែលមានលក្ខណៈអំណោយផល អាចប៉ាន់ប្រមាណបាន និងសម្បូរបែប។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់គណៈ ប្រតិភូវិនិយោគបន្តសហការ និងពិភាក្សាជាមួយក្រសួង-ស្ថាប័ន៍ពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទទួលបានព័ត៌មានបន្ថែម និងអាចស្វែងយល់កាន់តែច្បាស់បន្ថែមទៀតអំពីសក្តានុពលវិនិយោគ នៅកម្ពុជា៕