សេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធទឹកកខ្វក់ រៀបចំដោយក្រសួងសាធារណការ ត្រូវបានអនុម័តជាផ្លូវការ ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី


សេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធទឹកកខ្វក់ ដែលរៀបចំឡើង ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានអនុម័តជាផ្លូវការ ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងដោយមានការចូលរួមពីសំណាក់ លោកឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ជាសមាជិក សមាជិកានៃរាជរដ្ឋាភិបាលជាច្រើនរូប។

នៅក្នុងកិច្ចប្រជុំដែលបានប្រព្រឹត្តទៅ ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងដោយបានពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន ដោយក្នុងនោះសេចក្តីព្រាងច្បាប់ ស្តីពី​ប្រព័ន្ធទឹកកខ្វក់ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្រេចអនុម័ត ឱ្យបន្តនីតិវិធីក្នុងការស្នើសុំសេចក្តីទុកចិត្តពីស្ថាប័ននីតិប្បញ្ញត្តិ សំដៅធ្វើឱ្យសេចក្តីព្រាងច្បាប់នេះ ចូលជាធរមាន និងអាចប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ​ក្នុងពេលឆាប់ៗខាងមុខ។

សូម​បញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះបន្ទាប់ពីបានអនុម័ត និងដាក់ចេញឱ្យប្រើប្រាស់ជាផ្លូវការ រំពឹងថា និងក្លាយជាឧបករណ៍គតិយុត្តដ៏សំខាន់ សម្រាប់កំណត់អំពីការគ្រប់គ្រងការអភិវឌ្ឍ ការសាងសង់ ការជួសជុល ការថែទាំ ការធ្វើប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធទឹកកខ្វក់ ក្នុងគោលបំណងធានាប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងនិរន្តរភាពនៃប្រព័ន្ធទឹកកខ្វក់ និងការការពារបរិស្ថាន រួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខមាលភាព សាធារណៈនៅកម្ពុជា៕