ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អមដោយគណៈប្រតិភូក្រសួងផែនការ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តពោធិ៍សាត់។ ពិធីនេះមានការអញ្ជើញចូលរួមពី លោក លឹម សុខតូ អភិបាលរង តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអគ្គនាយករង លោកអនុប្រធាននាយកដ្ឋាន លោក លោកស្រី សហការីអមដំណើរឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញចូលរួម។
លោក ឈុន បូណារិទ្ធ ប្រធានមន្ទីរផែនការខេត្តពោធិ៍សាត់ បានលើកឡើងអំពី (១) ស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ និងសក្តានុពលខេត្តពោធិ៍សាត់ (២) តួនាទីភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំ (៣) លទ្ធផលការងារសម្រេចបានក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤ និង (៤) បញ្ហាប្រឈម និងសំណូមពរ។
ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត មកដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តពោធិ៍សាត់។ ជាមួយគ្នាផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានមន្ទីរ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃមន្ទីរផែនការខេត្តពោធិ៍សាត់ ដែលសម្រេចបានវឌ្ឍនភាពល្អប្រសើរ នារយៈពេលកន្លងមក។
មានប្រសាសន៍ក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកដោយសង្ខេបខ្លះៗនូវសមិទ្ធផល និងវឌ្ឍនភាពនានា របស់ក្រសួងផែនការ ដែលក្នុងនោះរួមមាន៖ (១) ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (២) ការរៀបចំកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល និង (៣) ការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ជាដើម។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីចំណុចស្នូលមួយរបស់ក្រសួងផែនការ គឺ “ការងារផលិតទិន្នន័យ”។ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការផលិតទិន្នន័យ ទិន្នន័យស្ថិតិមានភាពត្រឹមត្រូវ ច្បាស់លាស់ គួរឱ្យជឿទុកចិត្តបាន និងទាន់ពេលវេលា ពិតជាមានសារៈសំខាន់សម្រាប់ក្រសួង ស្ថាប័ន និងអ្នករៀបចំគោលនយោបាយ ធ្វើសេចក្តីសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ពោលគឺ “បើគ្មានទិន្នន័យទេ មិនអាចរៀបចំនូវគោលនយោបាយមួយច្បាស់លាស់ទេ”។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំពីការគិតគូររបស់ក្រសួងផែនការ ក្នុងការប្រែក្លាយការប្រមូលទិន្នន័យដោយប្រើកម្រងសំណួរលើក្រដាស់ មកជាការប្រើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន តាមរយៈឧបករណ៍ថាប្លេតជំនួសវិញ ដើម្បីធ្វើយ៉ាងណាឱ្យការប្រមូល ចងក្រង និងវិភាគទិន្នន័យ មានភាពឆាប់រហ័សនិងលឿនជាងមុន ស្របតាមបរិបទនៃបច្ចេកវិទ្យា គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលមាន “បច្ចេកវិទ្យា” ជាអាទិភាពគន្លឹះថ្មី។ ផ្សារភ្ជាប់នឹងវត្ថុបំណងខាងលើ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងផែនការ បាននិងកំពុងគិតគូរអភិវឌ្ឍនិងពង្រឹងនូវប្រព័ន្ធទិន្នន័យរាយការណ៍សូចនាករស្ថិតិជាតិ (CAMStat) ជាមួយនឹងប្រព័ន្ធទិន្នន័យមូលដ្ឋានឃុំសង្កាត់ (CDB) ដែលសុទ្ធសឹងជាកិច្ចការដ៏សំខាន់ ឈានទៅសម្រេចបាន ទិន្នន័យ ដែលមានភាពឆាប់រហ័សទាន់ពេលវេលា ប្រកបដោយសុក្រិតភាព និងគណនេយ្យភាពខ្ពស់។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ការបណ្ដុះបណ្ដាល អភិវឌ្ឍន៍សមត្ថភាព និងស្វ័យសិក្សាអប់រំរបស់មន្ត្រីរាជការ ដើម្បីកសាងខ្លួនក្លាយជាមនុស្សស្នូលសម្រាប់អង្គភាព និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ប្រទេសជាតិ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី តាមរយៈនយោបាយឈ្នះ-ឈ្នះ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនានារបស់សម្ដេច បាននាំមកនូវសន្តិភាពនិងការអភិវឌ្ឍពេញលេញ ព្រមទាំងការត្រួសត្រាយផ្លូវសម្រាប់រាជរដ្ឋាភិបាលបន្តវេន ឈានទៅសម្រេចបានកម្ពុជាក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០ ដែលមានយុទ្ធសាស្ត្របញ្ចកោណ គឺជាយុទ្ធសាស្ត្រសម្លឹងទៅមុខ សម្រាប់រយៈពេល២៥ឆ្នាំ។
ថ្លែងក្នុងពិធីនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលឹកដោយសង្ខេបអំពីអត្ថប្រយោជន៍នៃព្រែកជីកហ្វូណន-តេជោ និងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ព្រមទាំងអំពាវនាវដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃមន្ទីរផែនការរាជធានីខេត្ត ចូលរួមកៀរគរការបរិច្ចាគវិភាគទានដោយស្ម័គ្រចិត្ត សម្រាប់ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ឱ្យបានផុលផុស សំដៅរួមគ្នាជាធ្លុងមហាសាមគ្គីជាតិខ្មែរតែមួយ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ថែរក្សាសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី និងជំរុញការអភិវឌ្ឍតាមតំបន់ព្រំដែនឱ្យកាន់តែរឹងមាំប្រកបដោយចីរភាព៕

.j.jpg)
.j.jpg)

.j.jpg)
.j.jpg)
