កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះដំបូងគេក្នុងទ្វីបអាស៊ី នូវសិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស្តីពីការផ្តល់អាហារតាមសាលារៀនលើកទី១


ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស្តីពីការផ្តល់អាហារ តាមសាលារៀនលើកទី១ ដែលគ្រោងនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ខាងមុខនេះ និងមានអ្នកចូលរួមសរុបប្រមាណ ១៣០នាក់ មកពីប្រទេសចំនួន ១៣ រួមមានប្រទេសព្រុយណេ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម កម្ពុជា ជប៉ុន ចិន និងសាធារណរដ្ឋកូរ៉េ។

សិក្ខាសាលាថ្នាក់តំបន់នេះ ក៏មានការជួយគាំទ្រពី កម្មវិធីស្បៀងអាហារពិភពលោក និង KOICA ផងដែរ។

សិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស្តីពីការផ្តល់អាហារតាមសាលារៀននេះ គឺជាព្រឹត្តិការណ៍លើកដំបូង នៅទ្វីបអាស៊ី ដែលហៅថា “បណ្តាញមិត្តជួយមិត្តនៅក្នុងតំបន់អាស៊ី”។ សិក្ខាសាលានេះ ធ្វើឡើងគោលបំណងដើម្បីចែករំលែក ឧត្តមានុវត្តន៍ នៃការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនពីបណ្តាប្រទេសក្នុងទ្វីបអាស៊ី, លើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃការផ្តល់អាហារតាមសាលារៀន, បង្កើនការវិនិយោគលើកម្មវិធីផ្តល់អាហារ តាមសាលារៀន និងពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូរវាងរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍ។

ការរៀបចំ សិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍នៅកម្ពុជា គឺជាឱកាសល្អមួយសម្រាប់កម្ពុជាក្នុងការដកស្រង់បទពិសោធន៍ល្អៗ និងសិក្សាកាន់តែស៊ីជម្រៅលើការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ពីបណ្តាប្រទេសនានា ដៃគូអភិវឌ្ឍ និងអង្គការអន្តរជាតិ ដើម្បីយកមកបំពេញបន្ថែម និងកែលម្អការអនុវត្តកម្មវិធីផ្តល់អាហារ តាមសាលារៀននៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។

នៅក្នុងកិច្ចប្រជុំកិច្ចប្រជុំ កម្មវិធីស្បៀងអាហារពិភពលោក ក្នុងការត្រៀមរៀបចំសិក្ខាសាលាថ្នាក់តំបន់ អាស៊ីអាគ្នេយ៍ ស្តីពីការផ្តល់អាហារតាមសាលារៀនលើកទី១ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ លោកស្រី Claire Conan នាយិកាប្រចាំប្រទេស នៃកម្មវិធីស្បៀងអាហារពិភពលោក បានលើឡើងពីប្រធានបទសំខាន់ៗដែលត្រូវពិភាក្សានៃកិច្ចប្រជុំ ដែលក្នុងនោះរួមមាន៖ (១). ការរៀបចំសិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ (២). លើកកម្ពស់អាហារូបត្ថម្ភបន្ថែម ក្នុងកម្មវិធីជាតិ និង (៣). ជំនួយបច្ចេកទេស និងឱកាសសម្រាប់ការផ្តល់មូលនិធិបន្ថែម។

សម្រាប់ការរៀបចំសិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីវិធានការនៃការរៀបចំ ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅបានរលូន ដូចជារៀបចំអ្នកឯកទេសលើផ្នែកជំនាញ ផលិតកម្មសង្គម ក៏ដូចជាការចុះពិនិត្យសាលារៀនពាក់ព័ន្ធ មានកម្មវិធីវប្បធម៌សម្រាប់ប្រទេស រៀបចំការអញ្ជើញប្រទេសគោលដៅ និងការប្រើប្រាស់ថវិកាឱ្យបានត្រឹមត្រូវ។ ក្រសួងក៏បានគាំទ្រទៅលើគំនិតផ្តួចផ្តើមក្នុងការលើកកម្ពស់អាហារូបត្ថម្ភបន្ថែម ក្នុងកម្មវិធីជាតិដែលនេះសមស្របទៅគោលដៅរបស់ក្រសួងអប់រំ ក្នុងការកែលម្អអាហារូបត្ថម្ភរបស់សិស្ស។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏សង្ឃឹមថា កម្មវិធីស្បៀងអាហារពិភពលោក នឹងបន្តធ្វើសហប្រតិបត្តិការបន្តទៀត ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តអភិវឌ្ឍន៍អាហារូបត្ថម្ភនៅកម្ពុជា ដូចជាការជួយគាំទ្រទៅលើគម្រោងអាហារូបត្ថម្ភរបស់ក្រសួងដែលមានស្រាប់ តាមគំនិតផ្តួចផ្តើមរបស់លោកស្រីនាយិកា៕