សាលាស្រុកឱរ៉ាល់៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឱរ៉ាល់ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឱរ៉ាល់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៥ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅសាលាស្រុកឱរ៉ាល់។
ជាកិច្ចចាប់ផ្ដើម លោក ងួន វាសនា អភិបាលនៃគណៈអភិបាលស្រុកឱរ៉ាល់ បានឡើងអានសេចក្តីសម្រេច ស្ដីពីការចាត់តាំង និងកែសម្រួលប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឱរ៉ាល់ និងរបាយការណ៍គោរពជូន គណៈអធិបតីនិងអង្គពិធីទាំងមូល។
បន្ទាប់ពីរបាយការណ៍របស់លោកអភិបាលស្រុក ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឱរ៉ាល់ បានមានមតិសំណេះសំណាលជាមួយសមាជិកសមាជិកានៃអង្គពិធីទាំងមូល។ មានប្រសាសន៍ក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំពីព្រឹត្តិការណ៍ពាក់ព័ន្ធនឹងការស្ថាបនាព្រែកជីកហ្វូណន-តេជោ ជាព្រែកជីកប្រវត្តិសាស្ត្រ ដែលនឹងផ្ដល់អត្ថប្រយោជន៍មហាសាលសម្រាប់សេដ្ឋកិច្ចជាតិ និងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ដែលជាគំនិតផ្ដួចផ្ដើមដ៏ឧត្តុង្គឧត្តមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី ដែលសម្តេចមានចក្ខុវិស័យវែងឆ្ងាយ និងបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់រាជរដ្ឋាភិបាលបន្តវេន ក្នុងបេសកកម្មថែរក្សាលើកកម្ពស់ ឯករាជ្យភាព អធិបតេយ្យភាព និងការអភិវឌ្ឍន៍ជាតិមាតុភូមិ ស្របតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលកម្រិតខ្ពស់ ក្នុងឆ្នាំ២០៥០។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ផងដែរពីសារៈសំខាន់នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលជាយុទ្ធសាស្ត្រសម្លឹងទៅមុខ រយៈពេល២៥ឆ្នាំ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកនូវទស្សនទាន យន្តការសម្របសម្រួល និងទិសដៅការងារ សម្រាប់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឱរ៉ាល់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៥ នៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ មានប្រសាសន៍ក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ក្រុមការងាររាជរដ្ឋាភិបាល គឺជាយន្តការសម្របសម្រួល ដែលត្រូវក្តាប់ឲ្យបាននូវបញ្ហាប្រឈម តម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ” សំដៅចូលរួមផ្ដល់យោបល់ ឬមធ្យោបាយនានា ដើម្បីដោះស្រាយបញ្ហាដែលមូលដ្ឋានពុំអាចដោះស្រាយបានតាមរយៈយន្តការដែលមានស្រាប់ ឬស្នើបន្តមករាជរដ្ឋាភិបាល ចំពោះករណីដែលពុំអាចដោះស្រាយបាន។ ពិធីនេះ បានប្រព្រឹត្តទៅនិងបញ្ចប់ ក្នុងបរិយាកាសរីករាយ និងភាពស្និទ្ធស្នាល។




