ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ ជូនសមាជិកនៃមហាសន្និបាត របស់វិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក អំពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងការទទួលយកសំណើបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក (Training Centre for the Asia-Pacific Region) នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការអភិវឌ្ឍ និងការកសាងសមត្ថភាព នៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងតំបន់។
ការបញ្ជាក់បែបនេះ របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើឡើង នៅក្នុងកម្មវិធីបិទកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៩ និងមហាសន្និបាតលើកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ របស់វិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយ សោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។ នេះជាកិច្ចខិតខំប្រឹងប្រែងមួយរបស់កម្ពុជា ក្នុងការចូលរួមបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងតំបន់សំដៅផ្តល់នូវ ការធានាបាននូវគុណភាព និងប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មាន និងសុវត្ដិភាពនៃការប្រើប្រាស់ព័ត៌មាន ក្នុងបរិបទឌីជីថលជូនដល់សាធារណជន។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «មជ្ឈមណ្ឌលបណ្តុះបណ្តាលនេះ នឹងអាចចូលរួមលើកតម្កើងសមត្ថភាព និងធនធានរបស់អ្នកបម្រើការនៅក្នុងវិស័យព័ត៌មាន ទាំងនៅក្នុងប្រទេសកម្ពុជា និងមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាងនេះទៅទៀត មជ្ឈមណ្ឌលបណ្តុះបណ្តាលនេះ នឹងក្លាយទៅជាស្ថាប័នមួយ ប្រកបដោយវិជ្ជាជីវៈ ដែលនឹងអាចចូលរួមចំណែកលើកស្ទួយការយល់ដឹង របស់ប្រជាពលរដ្ឋនៅតាមបណ្តាប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឱ្យចេះប្រើប្រាស់ព័ត៌មានប្រកបដោយសុវត្ថិភាព និងមានការទទួលខុសត្រូវ»។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏ចែករំលែកជូនដល់គណៈប្រតិភូទាំងអស់អំពីផែនការយុទ្ធសាស្រ្តចំនួន៥ចំណុច របស់ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យព័ត៌មាន មានដូចជា៖
ទី១) ការធ្វើទំនើបកម្មស្ថាប័ន និងការកសាងរដ្ឋបាលទំនើប
ទី២) ការពង្រឹងបទដ្ឋានបច្ចេកទេស និងការទទួលខុសត្រូវវិជ្ជាជីវៈ
ទី៣) ការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះស្មារតីមនសិការវិជ្ជាជីវៈ
ទី៤) ការរៀបចំប្រព័ន្ធ និងយន្តការគ្រប់គ្រងលំហរព័ត៌មាន
និងទី៥) ការបង្កើតភាពជាដៃគូប្រកបដោយបរិយាប័ន្ន និងស័ក្តិសិទ្ធភាព។
គួរគូសបញ្ជាក់ថាឆ្នាំ២០២៤នេះ កម្ពុជា គឺជាអនុប្រធាននៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៩ និងមហាសន្និបាតលើកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើងដោយវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក ដែលមានតំណាងពីប្រទេសជាសមាជិកប្រមាណ៦០រូប មកពីប្រទេសចំនួន១៩ផ្សេងគ្នាបានអញ្ជើញចូលរួម៕