ការដ្ឋានដាក់លូប្រអប់៤ខ្សែខ្នាតធំ នៅសង្កាត់បឹងទំពន់ទី១ បានរួចរាល់១ខ្សែហើយ គឺផ្លូវលេខ 108 BT មានទំហំ ៤ម៉ែត្រx២ម៉ែត្រ ហើយចាប់ផ្ដើមស្ថាបនាផ្លូវ ក្រោយពីបើកការដ្ឋានស្ថាបនា កាលពីខែឧសភា ដើម្បីដោះស្រាយទឹកលិច ចេញតំបន់វត្តដំបូកខ្ពស់ ក្រោយផ្សារប៉េសេ ក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០២ ខែកញ្ញា ឆ្មាំ២០២៤ថា សកម្មភាពការដ្ឋានដាក់ប្រព័ន្ធលូប្រអប់ខ្នាតធំ៤ខ្សែ ហើយ១ខ្សែលើកំណាត់ផ្លូវ 108 BT មានទំហំ ៤ម៉ែត្រx២ម៉ែត្រប្រវែងជិត២០០ម៉ែត្ររួចរាល់ទាំងស្រុង ហើយក្នុងនោះ ផ្លូវមួយចំនួនទៀត កំពុងអនុវត្តព្រមគ្នា។
ចំណែកមន្ត្រីជំនាញឱ្យដឹងថា ផ្លូវលេខ 108 BT បានដាក់លូរួចហើយកំពុងបន្តស្ថាបនាផ្លូវបេតុងលើផ្លូវ១០៨ដដែលនេះ ក្នុងរយះពេល១ខែកន្លះទៀត។ ជារួមការងារដាក់លូ និងធ្វើផ្លូវ នៅតំបន់បឹងទំពន់នេះ មានចំនួន៤ខែ ដោយប្រើពេល១ឆ្នាំកន្លះ បានរួចរាល់ទាំងស្រុង។ ការងារខាងលើនេះ អនុវត្តដោយក្រុមហ៊ុន Precast Plants ដែលជាគម្រោងរបស់ថ្នាក់ជាតិ។
គួរបញ្ជាក់ថា គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេល៥ឆ្នាំ មានចំនួន ៥០គម្រោង ចំពោះគម្រោងដែលត្រូវអនុវត្តមានចំនួន ២៣គម្រោង។ កម្រោងរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្ត ចំនួន១៣គម្រោង ហើយគម្រោងដាក់លូប្រអប់លើផ្លូវលេខ 108 BT ទំហំ ៤ម៉ែត្រx២ម៉ែត្រនេះ ក៏ស្ថិតក្នុងគម្រោងនេះដែរ។
អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ កន្លងមកនេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ពាក់ពន្ធ័ចុះទៅពិនិត្យមើលប្រឡាយ ស្ថានីយ៍បូមទឹកបឹងទំពន់ មើលការដ្ឋានដាក់លូ ប្រអប់លើផ្លូវលេខ 108 BTនេះ បន្តទៅមើលប្រឡាយស្ថានីយ៍លូប្រាំ ជាមួយនិងការពិនិត្យវឌ្ឍនភាព នៃការដ្ឋានដាក់លូ បុកស៊ីផាយនិងការស្តារប្រឡាយមេ ដែលស្ថិតក្នុងគម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំង១៣គម្រោង តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕