សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់ថវិកាជិត ៤០ម៉ឺនដុល្លារ សង់អគារសិក្សាជូនសាលាកុមារអូទីស្សឹម


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់ថវិកាជិត ៤០ម៉ឺនដុល្លារ ជួយសាងសង់​អគារ​សិក្សាជូនវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ដែលជាសាលាអប់រំកុមារអូទីស្សឹម។

ថវិកាឧបត្ថម្ភធ្វើឡើងតាមរយៈអ្នកឧកញ៉ា ហ៊ុន តូ, ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​កណ្តាល និងឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា​អគ្គ​នា​យក​​កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុប ៣៦៥,៩៨៣.០៤ ដុល្លារ​អា​មេ​រិក ដើម្បីជួយសាងសង់អគារសិក្សាចំនួន០១ខ្នង ទំហំសរុបចំនួន ១,៧២៨ ម៉ែត្រ​ការ៉េ ​ទទឹង​ប្រវែង ៩ម៉ែត្រ បណ្ដោយប្រវែង ៦៤ម៉ែត្រ មានកម្ពស់ ៣ជាន់ស្មើនឹង ១៨បន្ទប់ ដែលអគារសិក្សានេះគ្រោងបញ្ចប់ការសាងសង់នៅបំណាច់ខែមីនា ឆ្នាំ២០២៥ ខាងមុខ​នេះ។

វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ត្រូវបានប្រែក្លាយមកពីអង្គការជំនួយ​នៃក្តីសង្ឃឹម​សម្រាប់​​សហគមន៍ (Hands of Hope Community) កាលពីឆ្នាំ២០២១ មាន​ទីតាំង​ជាប់​រង្វង់មូលខាងលិចស្ពានព្រែកសំរោង ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តា​ខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បច្ចុប្បន្នសាលាមានបុគ្គលិក គ្រូបង្រៀនសរុបចំនួន ៧២នាក់ ស្រី ៤០នាក់ និងមានកុមារពិការសតិបញ្ញា និងអូទីស្សឹម ២៦០​នាក់ ស្រី៦១នាក់ កំពុងទទួលការអប់រំពីសាលានេះ ហើយមានកុមារអូទីស្សឹមជាង ២០០ នាក់ទៀត កំពុងរង់ចាំសាលារៀន។

វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ គឺជាថ្នាលផ្តល់ពន្លឺជីវិត និងក្តីសង្ឃឹមថ្មីសម្រាប់​កុមារ​ខ្សោយសតិបញ្ញា និងអូទីសហ្សឹម តាមរយៈការអប់រំពិសេស ប្រកបដោយការយកចិត្ត​ទុកដាក់​ខ្ពស់ពីលោកគ្រូ អ្នកគ្រូ។ វិទ្យាល័យនេះ ក៏បានផ្តល់ស្នាមញញឹមដល់អាណាព្យា​បាល ដែលធ្លាប់អស់សង្ឃឹមចំពោះស្ថានភាពរបស់កូនៗផងដែរ។

លោក ចាន់ សារិន ជាស្ថាបនិក និងជានាយកវិទ្យាល័យអប់រំពិសេស ព្រមទាំងមាតា​បិតា អ្នកអាណាព្យាបាលកុមារអូទីស្សឹម និងពិការសតិបញ្ញា លោកគ្រូ អ្នកគ្រូ និង​សហ​គមន៍​ខេត្តកណ្តាល មានសេចក្តីរីករាយ និងរំភើបជាខ្លាំង ចំពោះសម្តេចធិបតី នាយក​រដ្ឋ​មន្រ្តី និងលោកជំទាវបណ្ឌិត ដែលបានគិតគូរខ្ពស់ដល់កុមារអូទីស្សឹមកម្ពុជា។

មាតាបិតា និងអ្នកអាណាព្យាបាលកុមារអូទីស្សឹម និងពិការភាពសតិបញ្ញា ព្រមទាំង​លោកគ្រូ អ្នកគ្រូ គោរពជូនពរបវរមហាប្រសើរជូនសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងគ្រួសារ សូមទទួលបានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅការអភិវឌ្ឍរីកចម្រើន សុខសន្តិភាពបន្តទៀត។

ទន្ទឹមការរីករាយនឹងការទទួលបានអំណោយដ៏វិសេសវិសាលនេះ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ បានប្តេជ្ញារួមគ្នារក្សាសុខសន្តិភាព ស្ថេរភាព និងគាំទ្រយ៉ាងពេញ​ទំហឹង​​ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕