សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអ្នកប្រកាសបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានថ្លែងអំណរគុណព្រះរាជគុណ និងអរគុណយ៉ាងជ្រាលជ្រៅ ប្រគេនថ្វាយជូន ចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកយាយ លោកតា អ៊ំ ពូ មីង និងបងប្អូនជនរួមជាតិទាំងអស់ ដែលបានការចូលរួមបរិច្ចាគថវិកា «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។
សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈការសស្រាក់សស្រាំចូលរួមបរិច្ចាគថវិកា មានតិច មានច្រើនទៅតាមលទ្ធភាព និងប្រកបដោយស្នាមញញឹមសប្បាយរីករាយ បានបង្ហាញមហាសាមគ្គីជាតិ និងស្មារតីខ្មែរតែមួយ។
ជាមួយគ្នានេះ សម្តេចសូមបន្តអំពាវនាវដល់ជនរួមជាតិ មេត្តាបន្តចូលរួមឱ្យបានកាន់តែច្រើនមូលមីបន្ថែមទៀត ហើយក្រុមការងារមូលនិធិនឹងបន្តទទួលស្វាគមន៍ដោយក្តីរីករាយ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
កាលពីថ្ងៃទី២២ សីហា ២០២៤ កន្លងទៅ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំបានប្រកាសបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ហើយដែលចាប់ពីថ្ងៃទី២៦ សីហា ២០២៤ មក ក្រុមការងារមូលនិធិបានចាប់ផ្តើមទទួលការបរិច្ចាគថវិកាដោយស្ម័គ្រចិត្តពីជនរួមជាតិខ្មែរគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំពិតជាមានមោទនភាពក្រៃលែង ដែលមូលនិធិមួយនេះបានទទួលការគាំទ្រយ៉ាងផុលផុសពីសំណាក់អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជនថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត អាជីវករ កសិករ និងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ជាពិសេស លោកយាយ លោកតា អ៊ំ ពូ មីង និងបងប្អូនជាច្រើននៅតាមមូលដ្ឋានភូមិស្រុក តាមរយៈការសស្រាក់សស្រាំចូលរួមបរិច្ចាគថវិកា មានតិច មានច្រើនទៅតាមលទ្ធភាព និងប្រកបដោយស្នាមញញឹមសប្បាយរីករាយក្នុងធ្លុងមហាសាមគ្គីជាតិ និងស្មារតីខ្មែរតែមួយ ។
ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំផ្ទាល់ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅប្រគេនថ្វាយជូនចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកយាយ លោកតា អ៊ំ ពូ មីង និងបងប្អូនជនរួមជាតិទាំងអស់ ចំពោះការចូលរួមចំណែកដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ដែលនេះគឺជាវិភាគទានដ៏មានតម្លៃបំផុត និងមិនអាចកាត់ថ្លៃបានឡើយ ហើយក៏ជាការឆ្លុះបញ្ចាំងអំពីទឹកចិត្តមនសិការស្នេហាជាតិមាតុភូមិរបស់ជនរួមជាតិខ្មែរយើង ដែលតែងតែត្រៀមខ្លួនជានិច្ចក្នុងការបូជាលះបង់គ្រប់បែបយ៉ាងនៅក្នុងមហាចលនាជាតិដើម្បីបុព្វហេតុកសាង ការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជា ដោយឈរលើមូលដ្ឋាន និងស្មារតីនៃខឿនការពារជាតិរបស់ប្រជាជននៅគ្រប់កាលៈទេសៈ។
ក្រុមការងារមូលនិធិបាន និងកំពុងខិតខំរៀបចំលិខិតថ្លែងអំណរគុណ ជូនដល់បងប្អូនប្រជាពលរដ្ឋ ជាសប្បុរសជនជាបន្តបន្ទាប់យ៉ាងសស្រាក់សស្រាំ ។ ទន្ទឹមគ្នានេះ ខ្ញុំក៏សូមបន្តអំពាវនាវដល់ជនរួមជាតិ មេត្តាបន្តចូលរួមឱ្យបានកាន់តែច្រើនមូលមីបន្ថែមទៀត ហើយក្រុមការងារមូលនិធិនឹងបន្តទទួលស្វាគមន៍ដោយក្តីរីករាយ ៕