រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងរដ្ឋមន្រ្តីក្រសួងគមនាគមន៍ម៉ាឡេស៊ី ឯកភាពសហការរួមគ្នាលើគំនិតផ្តួចផ្តើមប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីពង្រឹងសុវត្ថិភាពនៃការប្រើប្រាស់ព័ត៌មាន


ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសមភាគីម៉ាឡេស៊ី លោក Ahmad Fahmi bin Mohamed Fadzil រដ្ឋមន្ត្រីក្រសួងគមនាគន៍នៃប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងអំឡុងពេលនៃដំណើរចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២២ និងសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៩ (19th Asia Media Summit) រៀបចំឡើងដោយវិទ្យាស្ថានអភិវឌ្ឍន៍ ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក នៅប្រទេសម៉ាឡេស៊ី។

នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងក្រសួងគមនាគន៍នៃប្រទេសម៉ាឡេស៊ីក្នុងក្របខណ្ឌ នៃការផ្លាស់ប្តូរព័ត៌មានរវាងគ្នានឹងគ្នាជាពិសេសការ ផ្លាស់ប្តូរព័ត៌មាន រវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានជាតិរបស់ម៉ាឡេស៊ី BERNAMA ក៏ដូចជាកិច្ចសហការជាមួយវិទ្យុផងដែរ។

ជាងនេះទៅទៀត រដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានប្តេជ្ញាចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើកិច្ចការព័ត៌មាន និងការផ្សព្វផ្សាយដើម្បីធ្វើឱ្យមានសុវត្ថិភាព ព័ត៌មានសម្រាប់អ្នកប្រើប្រាស់។

ឯកឧត្តមរដ្ឋមន្ត្រីទាំងពីររូប ក៏បានឯកភាពសហការរួមគ្នាផ្តួចផ្តើមគំនិតលើការពង្រឹងសុវត្ថិភាព និងសណ្តាប់ធ្នាប់ព័ត៌មាន សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ និងធ្វើការរួមគ្នាដើម្បីអំពាវនាវដល់ប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន ចូលរួមជាមួយកម្ពុជា និងម៉ាឡេស៊ី ក្នុងគំនិតផ្តួចផ្តើមនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវឱ្យបណ្តាប្រទេសជាសមាជិកវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក AIBD ចូលរួមជាមួយកម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហារួមរបស់តំបន់ និងបានអំពាវនាវឱ្យបណ្តាលប្រទេសជាសមាជិក ចូលរួមជាមួយកម្ពុជានៅក្នុងយុទ្ធនាការនេះ ដើម្បីរួមគ្នាលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្ហាញនូវជំហរគាំទ្រ និងសាទរ៕