សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ និងជូនពរ លោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា ដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង។
តាមរយៈសារលិខិតរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាយ៉ាងរីករាយក្រៃលែង និងអំណរសាទរយ៉ាងជ្រាលជ្រៅក្នុងឱកាសដែលលោកអ្នកឧកញ៉ា មហាភក្តី ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទាន គោរមងារលោកជំទាវជា លោកអ្នកឧកញ៉ា មហាភក្តី តាមព្រះរាជក្រឹត្យលេខ នស/រកត/០៩២៤/១០៧៤ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ និងត្រាស់បង្គាប់តែងតាំងមុខតំណែងជា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង តាមព្រះរាជក្រឹត្យលេខ នស/រកត/០៩២៤/១០៧៥ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤»។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបន្ដថា ការទទួលបាននូវឋានៈតួនាទីដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមជាទីបំផុតសម្រាប់ លោកអ្នកឧកញ៉ា មហាភក្តី ដែលបានខិតខំប្រឹងប្រែងលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ និងបាន ធ្វើពលិកម្មជាច្រើន ក្នុងការចូលរួមវិភាគទានដឹកនាំក្រសួងព្រះបរមរាជវាំង ដើម្បីសម្រេចបាននូវស្នាដៃ សមិទ្ធផល ដ៏ធំធេង និងការរីកចម្រើនឥតឈប់ឈរ សម្រាប់ជាឧត្តមប្រយោជន៍សម្រាប់ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនកម្ពុជា។
ជាថ្មីម្តងទៀត សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតា ថែរក្សា ព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការជូនចំពោះ លោកអ្នកឧកញ៉ា មហាភក្តី និងឯកឧត្តម ព្រមទាំងក្រុមគ្រួសារ សូមបាន ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕