អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូខេត្តច័ន្ទបុរី ដឹកនាំដោយលោក មន្តសិទ្ធី ថៃសាន ធនវ័ត្ត អភិបាលខេត្តច័ន្ទបុរី ដើម្បីស្វែងយល់ពីកិច្ចសហការគ្នារវាងខេត្តជាប់ព្រំដែន ពាក់ព័ន្ធការងារវិនិយោគ លើវិស័យកសិកម្ម ទេសចរណ៍ វប្បធម៌ និងវិស័យផ្សេងៗរបស់ប្រជាពលរដ្ឋខេត្តទាំង២ និងពលករខ្មែរនិងថៃចេញ-ចូលប្រចាំថ្ងៃផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងការងាររួមគ្នា ក្នុងការបង្កើនការយោគយល់គ្នា និងមិត្តភាពរវាងខេត្តបាត់ដំបង និងខេត្តច័ន្ទបុរី ដែលបានជួយដល់កំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែន។ ម្យ៉ាងទៀតចំណងមិត្តភាពសាមគ្គីភាពរវាង ប្រជាជនកម្ពុជា និងប្រជាជនថៃ គឺជាចំណងមិត្តភាពប្រពៃណីដ៏ល្អ ហើយតាមរយៈនេះ ខេត្តបាត់ដំបង និងបណ្តាខេត្តដែលនៅជាប់ព្រំដែនជាមួយគ្នា បានជំរុញកិច្ចសហប្រតិបត្តិការគ្នាលើគ្រប់វិស័យដែល ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអនុស្សរណៈយោគយល់គ្នារបស់ភាគីទាំងពីរ និងស្របទៅតាមគោលបំណងរួម ដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។
ឯកឧត្តម សុខ លូ បានបង្ហាញពីសក្តានុពលវិស័យទេសចរណ៍ក្នុងខេត្តបាត់ដំបងមានដូចតទៅ៖ ខេត្តបាត់ដំបង មានរមណីយដ្ឋាន និងគោលដៅទេសចរណ៍ ចំនួន១១៥កន្លែង ក្នុងនោះមាន៖ រមណីយដ្ឋានទេសចរណ៍ ចំនួន២២កន្លែង, សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ចំនួន៤កន្លែង, តំបន់គោលដៅទេសចរណ៍ ចំនួន៥៤កន្លែង, សារមន្ទីរ ចំនួន២កន្លែង, ទេសចរណ៍សាសនា ចំនួន២៩កន្លែង, គោលដៅកសិ-ទេសចរណ៍ ចំនួន០៤កន្លែង។
ក្នុងឆមាសទី១ ឆ្នាំ២០២៤ កន្លងទៅនេះ ទំហំនៃការដោះដូរទំនិញ ឆ្លងកាត់ច្រកទ្វារព្រំដែនទាំង៣ ដែលនៅជាប់ព្រំដែនខេត្តច័ន្ទបុរីមាន ទំនិញដែលកម្ពុជានាំចេញទៅថៃ ជាទំនិញកសិផលផ្នែកខាងកសិកម្ម, ទំនិញថៃនាំចូលកម្ពុជា រួមមាន៖ រថយន្ត, សម្ភារៈ គ្រឿងសំណង់, ជី ថ្នាំកសិកម្ម, ភេសជ្ជៈ ស្រាបៀរ ទឹកបរិសុទ្ធ, គ្រឿងឧបភោគ បរិភោគ, បន្លែផ្លែឈើ, គ្រឿងអេឡិចត្រូនិក, ផលិតផលវាយនភណ្ឌ, និងគ្រឿងបន្លាស់រថយន្ត។ល។ និងអ្នកដំណើរឆ្លងកាត់ចេញចូលតាមច្រកទ្វារព្រំដែនជាប់ខេត្តច័ន្ទបុរី ក៏មានអ្នកដំណើរឆ្លងកាត់ចេញ-ចូលទៅធ្វើការនៅថៃប្រចាំថ្ងៃផងដែរ។
ឯកឧត្តមបានបន្តថា កិច្ចជំនួបរវាងរដ្ឋបាលខេត្តបាត់ដំបង និងខេត្តច័ន្ទបុរី ក្នុងពេលនេះពិតជាមានសារៈសំខាន់ណាស់ដែល ភាគីខេត្តទាំងពីរធ្លាប់ជួបពិភាក្សាការងារកន្លងមក ដើម្បីផ្តល់ឱកាសសិក្សា ស្វែងយល់ពីសក្តានុពលខេត្ត បង្កើតបានផ្លូវទេសចរណ៍ផ្សារភ្ជាប់សេដ្ឋកិច្ច សង្គម វប្បធម៌ ព្រមទាំងបង្កើនសម្ព័ន្ធមេត្រីភាពដ៏ល្អជាមួយ ប្រទេសព្រំដែនជាប់គ្នា។ ប៉ុន្តែទោះបីកន្លងមក ពុំសូវមានឱកាសបានជួបប្រជុំគ្នាយ៉ាងណាក្តី ក៏ការងារទំនាក់ទំនងរវាងខេត្តទាំងពីរ នៅតែមានឱកាសបានជួបពិភាក្សាការងារតាមគ្រប់រូបភាព ធ្វើឲ្យកិច្ចសហប្រតិបត្តិការទំនាក់ទំនងការងារគ្នាកាន់តែជិតស្និទ្ធ ក្នុងការជំរុញការអភិវឌ្ឍ ដោយឈរលើមូលដ្ឋានស្មើភាពគ្នា និងអត្ថប្រយោជន៍រួមគ្នាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងតាមលក្ខខណ្ឌច្បាប់ លិខិតបទដ្ឋានរបស់ប្រទេសនៃភាគីទាំងពីរ។
ក្នុងនាមប្រជាពលរដ្ឋខេត្តបាត់ដំបង និងប្រជាពលរដ្ឋជាពលករខេត្តផ្សេងៗ ដែលឆ្លងកាត់តាមពិនិត្យសុខភាព និងធ្វើជាពលករក្នុងទឹកដី នៃព្រះរាជាណាចក្រថៃកន្លងមក និងបន្តទៅមុខទៀត ហើយក្នុងឱកាសនេះ លោកក៏បានសំណូមពរបន្ត ដូចជា៖
* ជួយពង្រឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ សោភ័ណភាព បរិស្ថាន នៅតាមបណ្តាច្រក ទ្វារព្រំដែនទាំងច្រកទ្វារអន្តរជាតិ និងច្រកទ្វារតំបន់
* គួរជំរុញបង្កើតភូមិស នៅតាមស្រុកតំបន់ព្រំដែន នៃខេត្តបាត់ដំបង មានស្រុកភ្នំព្រឹក កំរៀងជាមួយស្រុកតំបន់ព្រំដែន នៃខេត្តច័ន្ទបុរី នៃព្រះរាជណាចក្រថៃ
* ជំរុញឲ្យមានការត្រួតពិនិត្យការឆ្លងកាត់គ្រឿងញៀន ដោយធ្វើការលុបបំបាត់ចោលទាំងស្រុង និងធ្វើការបង្ក្រាបឱ្យមានប្រសិទ្ធភាពនៅច្រកទ្វារព្រំដែន
* បង្កើនកិច្ចសហការទប់ស្កាត់មេខ្យល់នាំពលករខ្មែរខុសច្បាប់ឆ្លងដែនទៅធ្វើការនៅប្រទេសថៃ
* បង្កលក្ខណៈឲ្យកាន់តែមានភាពងាយស្រួលក្នុងការនាំកសិផលរបស់ប្រជាកសិករខ្មែរទៅប្រទេសថៃ
* បង្កលក្ខណៈឲ្យកាន់តែមានភាពងាយស្រួលដល់ការលក់ដូររបស់អាជីវករខ្មែរនៅប្រទេសថៃ
* ពង្រីកការធ្វើដំណើររបស់ប្រជាពលរដ្ឋខេត្តបាត់ដំបង ដែលប្រើប្រាស់ប័ណ្ណព្រំដែនអាចធ្វើដំណើរចូលខេត្តច័ន្ទបុរី និងខេត្តត្រាត ស្របតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ
* ជំរុញ និងបង្កើតភ្ញៀវទេសចរមកលេងកម្សាន្តក្នុងខេត្តបាត់ដំបង ឬខេត្តជាប់ព្រំដែន និងទូទាំងប្រទេសកម្ពុជា។
ក្នុងឱកាសនោះ លោក មន្តសិទ្ធី ថៃសានធនវ័ត្ត អភិបាលខេត្តច័ន្ទបុរី បានថ្លែងថា លោកបានដឹកនាំតំណាងអ្នកវិនិយោគិនមានច្រើន ដើម្បីថ្នាក់ដឹកនាំខេត្តមានដូចជា សភាឧស្សាហកម្មទេសចរណ៍ខេត្តច័ន្ទបុរី សមាគមពាណិជ្ជកម្ម និងទេសចរណ៍តំបន់ ព្រំដែនថៃ-កម្ពុជាខេត្តច័ន្ទបុរី សមាគមគាំពារទេសចរណ៍ខេត្តច័ន្ទបុរី មន្ទីរទេសចរណ៍ខេត្តច័ន្ទបុរី សភាពាណិជ្ជកម្មខេត្ត ច័ន្ទបុរី សភាឧស្សាហកម្មខេត្តច័ន្ទបុរី និងសមាគមអ្នកផលិតច្នៃត្បូង និងគ្រឿងអលង្ការខេត្តច័ន្ទបុរី បានរៀបចំគម្រោង អង្កេតផ្លូវទេសចរណ៍ផ្សារភ្ជាប់សេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ (ខេត្តច័ន្ទបុរី ព្រះរាជាណាចក្រថៃ-ខេត្តបាត់ដំបង ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា) នូវរវាងថ្ងៃទី៦-៨ ខែកញ្ញាឆ្នាំ២០២៤។
គម្រោងនេះ មានគោលបំណងដើម្បីផ្តល់ឱកាស និងសក្តានុពលខេត្តច័ន្ទបុរី នៃការបង្កើតផ្លូវទេសចរណ៍ផ្សារភ្ជាប់សេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ ព្រមទាំងបង្កើនសម្ព័ន្ធមេត្រីភាពដ៏ល្អជាមួយភូមិភាគឥណ្ឌូចិន។
ក្នុងនាមអភិបាលខេត្តច័ន្ទបុរី ព្រមទាំងគណៈប្រតិភូ សូមអនុញ្ញាតចូលជួបសម្តែងការគួរសម ព្រមទាំងពិភាក្សាការងាររាជការ នៃកិច្ចសហប្រតិបត្តិការការលើកកម្ពស់ទំនាក់ទំនងទេសចរណ៍ រវាងខេត្តច័ន្ទបុរី ព្រះរាជាណាចក្រថៃ-ខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃនេះ នៅសាលាខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា។
លោកអភិបាលខេត្តច័ន្ទបុរី បានបញ្ជាក់ថា គម្រោងអង្កេតផ្លូវទេសចរណ៍ផ្សាភ្ជាប់សេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ (ខេត្តច័ន្ទបុរី ព្រះរាជាណាចក្រថៃ-ខេត្តបាត់ដំបង ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា) រវាងថ្ងៃទី៦-៨ ខែកញ្ញា ឆ្នាំ២០២៤នេះ គោលការណ៍ និងហេតុផលដោយនាយករដ្ឋមន្ត្រីបានចេញអនុក្រឹត្យ លេខ ៣៧៣/២៥៦៦ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការតែងតាំងគណៈកម្មាធិការដឹកនាំការលើកកម្ពស់ទីក្រុង និងជំរុញសេដ្ឋកិច្ចតាមតំបន់ឲ្យមាននិរន្តរភាព ដើម្បីបង្កើតជាកម្លាំងក្នុងការអភិវឌ្ឍខេត្តតាមតំបន់ភូមិភាគផ្សេងៗ និងបន្ថែមសក្តានុពលក្នុងការលើកកម្ពស់ទីក្រុង និងជំរុញសេដ្ឋកិច្ចតាមតំបន់ឲ្យមាននិរន្តរភាព។
ក្នុងនោះ មានគោលការណ៍សំខាន់៣ គឺការបន្ថែមសក្តានុពលដោយមានការត្រៀមជាស្រេចតាមផ្នែកផ្សេងៗ ឲ្យបានគ្រប់ជ្រុងជ្រោយ, ការបង្កើតសង្គម និងបរិយាកាសល្អ, ការជួយលើកស្ទួយសេដ្ឋកិច្ចតាមតំបន់ឲ្យមាននិរន្តរភាព។ គណៈកម្មាធិការនេះនឹងជួយលើកកម្ពស់គាំពារទេសចរណ៍ អភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយការមិនស្មើរភាព គ្នានៃផ្នែកផ្សេងៗ បានយ៉ាងរហ័ស ព្រមទាំងមានលទ្ធផលជារូបធម៌ និងនិរន្តរភាព។
ម្យ៉ាងវិញទៀត នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការលើកកម្ពស់ទីក្រុង និងជំរុញសេដ្ឋកិច្ចតាមតំបន់ឲ្យមាននិរន្តរភាពលើកទី ១/២៥៦៧ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានកំណត់មធ្យោបាយក្នុងការដឹកនាំការលើកកម្ពស់ទីក្រុង និងជំរុញសេដ្ឋកិច្ចតាមតំបន់ឲ្យមាននិរន្តរភាព ដែលបានសាកល្បងចំពោះ១០ខេត្ត ដោយបានជ្រើសរើសពីសភាពាណិជ្ជកម្មថៃ និងក្រសួងទេសចរណ៍ ប្រទេសថៃការសាកល្បងនេះ មានវត្ថុបំណងលើកកម្ពស់ទីក្រុងសាកល្បង ១០ខេត្ត ឲ្យមានភាពស្មើគ្នាជាមួយ ទីក្រុងគោល និងមានគោលបំណងដើម្បីបង្កើនចំនួនអ្នកទេសចរ មានគុណភាពខ្ពស់ទាំងជនជាតិថៃ និងអន្តរជាតិ គុណនឹង៣។
ចំពោះខេត្តច័ន្ទបុរី ដោយមានគណៈកម្មាធិការទាំងផ្នែករដ្ឋ និងឯកជនរួមគ្នាដើម្បីអភិវឌ្ឍន៍ និងកែបញ្ហារបស់ខេត្ត ដោយបានប្រគល់ភារកិច្ចជូនអនុគណៈកម្មាការលើកកម្ពស់ទេសចរណ៍ រៀបចំការប្រជុំពិភាក្សាជាមួយភាគីបណ្តាញអ្នកពាក់ព័ន្ធ ដើម្បីពិចារណាលើសក្តានុពលលើផ្នែកទេសចរណ៍ ដែលអាចជំរុញគាំពារឲ្យសមស្របជាមួយការលើកកម្ពស់ទីក្រុង និងជំរុញសេដ្ឋកិច្ចតាមតំបន់ឲ្យមាននិរន្តរភាពទាំងរយៈពេលខ្លី និងរយៈពេលវែង ដោយផ្តោតសំខាន់លើការ អភិវឌ្ឍតាមតម្រូវការរបស់ប្រជាជនក្នុងតំបន់៕