ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្រ្ដីរាជការ ស្ដីពីភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទ វគ្គទី៣


ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្រ្ដីរាជការ ស្ដីពីភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទ វគ្គទី៣ ដោយមានការចូលរួមពីសំណាក់សិក្ខាកាមមកពីថ្នាក់កណ្ដាល និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥រាជធានី-ខេត្ត សរុបចំនួន២៩៤នាក់។

ឯកឧត្តមរដ្ឋមន្រ្ដីបានលើកឡើងថា វគ្គនេះគឺពិតជាមានសារសំខាន់ដើម្បីឱ្យថ្នាក់ដឹកនាំតាមអង្គភាព ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥រាជធានី-ខេត្តយល់កាន់តែស៊ីជម្រៅអំពីយុទ្ធសាស្រ្តបញ្ចកោណ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៤-២០២៨ និងការគ្រប់គ្រងទិន្នន័យតាមប្រព័ន្ធព័ត៌មានវិទ្យា។

ឯកឧត្តមរដ្ឋមន្រ្ដីបានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ត្រង់ត្រាប់ស្ដាប់នូវការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស និងការចែករំលែកនូវបទពិសោធន៍ដើម្បីទទួលបានជាពុទ្ធិថ្មីៗបន្ថែមទៀត យកទៅអនុវត្តលើការងារក្នុងអង្គភាពរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធិភាពក្នុងគោលដៅបម្រើជាតិ និងប្រជាជន ព្រមទាំងការចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕