ព្រះតេជគុណឥន្ទត្ថេរោ នៅ សុគន្ធថៃ ហៅលោកតាហួរ ព្រះគ្រូចៅអធិការវត្តហង្សាបិតិ ហៅវត្តព្រែកស្តី ស្ថិតក្នុងភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានប្រគេនបច្ច័យចំនួន១៣,០០០ដុល្លារ ជូនដល់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ សម្រាប់ទិញឧបករណ៍បម្រើដល់ការវះកាត់អ្នកជំងឺ ដើម្បីជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត។
ពិធីប្រគេនបច្ច័យនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលខេត្ត, ឯកឧត្តម ហេង សុភាណា អភិបាលរងខេត្ត, លោកនាយករដ្ឋបាលស្តីទី, ថ្នាក់ដឹកនាំបណ្តាមន្ទីរ និងបុគ្គលិកពេទ្យជាច្រើនរូបទៀត។
ឯកឧត្តម ខូយ រីដា បានគោរពថ្លែងអំណរព្រះគុណ ប្រគេនចំពោះព្រះតេជគុណ នៅ សុគន្ធថៃ ហៅលោកតាហួរ ដែលព្រះអង្គមានទឹកព្រះទ័យជ្រះថ្លា បរិច្ចាគបច្ច័យចំនួន១៣,០០០ដុល្លារ ដែលបានមកពីបច្ច័យបួន របស់សប្បុរសជន ញាតិញោម ពុទ្ធបរិស័ទជិតឆ្ងាយ ទុកសម្រាប់ទិញឧបករណ៍វះកាត់អ្នកជំងឺ ក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ នាពេលនេះ។
ឯកឧត្តមបានបន្តថា ទង្វើ និងសកម្មភាព របស់ព្រះតេជគុណ នៅ សុគន្ធថៃ មិនមែនជាលើកទីមួយនោះទេ ពោលគឺព្រះអង្គបានចូលរួមចំណែកយ៉ាងច្រើនលើសលុប ក្នុងកិច្ចការងារសង្គម ក៏ដូចជាសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់សង្គមជាតិ និងសាសនា រួមមាន៖ សាលារៀន មន្ទីរពេទ្យ វត្តអារាម…។ល។ ដែលទាំងនេះបានសម្តែងយ៉ាងច្បាស់ អំពីវីរៈភាពដ៏ល្អរបស់ព្រះអង្គ សម្រាប់បណ្តាវត្តដទៃទៀតយកគម្រូតាម។
ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ទឹកព្រះទ័យ និងសណ្តានចិត្តសប្បុរសធម៌របស់ព្រះអង្គ គឺចង់ឃើញមន្ទីរពេទ្យខេត្តរបស់យើង មានការអភិវឌ្ឍន៍ចម្រើនឡើង ហើយវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ គឺមានឯកទេស សមត្ថភាព ក្រមសីលធម៌ និងវិជ្ជាជីវៈគ្រប់គ្រាន់ ក្នុងកិច្ចការងារព្យាបាល និងថែទាំអ្នកជំងឺ ដោយសេចក្តីទុកចិត្ត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា ក៏បានប្រគល់ថវិកា ចំនួន៥៥,០០០ដុល្លារ បន្ថែមលើថវិកា ៨០,៤៧២.៥ដុល្លារ ដែលបានមកតាមរយៈការគៀរគរពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជូនដល់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដើម្បីបម្រើឱ្យគុណប្រយោជន៍ក្នុងអង្គភាព។