ឯកឧត្តមរដ្ឋមន្ដ្រី ឈាង រ៉ា ក្រើនរម្លឹកដល់មូលដ្ឋានសុខាភិបាលសាធារណៈ ត្រូវបន្តពង្រឹងការយកចិត្តទុកដាក់ខ្ពស់ការផ្តល់សេវាថែទាំសុខភាព ប្រកបដោយគុណភាព ជូនពលរដ្ឋ ប្រើប្រាស់ប័ណ្ណសមធម៌ និង ប.ស.ស


ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានក្រើនរម្លឹកដល់ថ្នាក់ថ្នាក់ដឹកនាំនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈទូទាំងប្រទេស ត្រូវបន្តពង្រឹងការយកចិត្តទុកដាក់ខ្ពស់ការផ្តល់សេវាថែទាំសុខភាព ប្រកបដោយគុណភាព ជូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ប័ណ្ណសមធម៌សុខាភិបាល និងប័ណ្ណរបបសន្តិសុខសង្គមថែទាំសុខភាព (ប.ស.ស)។

ការថ្លែងដូច្នេះរបស់ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា ក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី ១ នៃខែកញ្ញា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅកិច្ចការបន្ត នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។

ដើម្បីឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្តជំរុញ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនៅតាមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត-ស្រុក រហូតដល់មណ្ឌលសុខភាព សូមពង្រឹង និងរួមគ្នាក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ ជាពិសេសលើក្រមសីលធម៌វិជ្ជាជីវៈ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ពិសេសនៅតាមបណ្តារាជធានី ខេត្ត ត្រូវពិនិត្យណែនាំដល់មន្រ្តីក្រោមឱវាទ ត្រូវចូលរួមថែរក្សាសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាមធ្យោបាយដឹកជញ្ជូនអ្នកជំងឺ ដូចជារថយន្តគិលានុសង្រ្គោះ ដោយត្រូវយកចិត្តទុកដាក់ក្នុងការថែទាំសម្អាត និងពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ និងដោយទៀងទាត់។

ទន្ទឹមនឹងនោះឯកឧត្តមសាស្រ្តាចារ្យ បានសង្កត់ធ្ងន់បន្ថែមលើការបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះករណីជំងឺគ្រុនឈាម ជំងឺឆ្លងផ្សេងៗ ដោយក្នុងនោះ សូមឱ្យមន្រ្តីជំនាញ បង្កើនការផ្សព្វផ្សាយសារអប់រំ សុខភាពជូនដល់បងប្អូននៅតាមសហគមន៍ អំពីវិធីសាស្រ្តនៃការបង្ការការពារខ្លួន និងក្រុមគ្រួសារពីជំងឺគ្រុនឈាម និងជំងឺឆ្លងនានា។

សូមជម្រាបថា ក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រីសុខាភិបាល បានថ្លែងនូវការអរគុណ និងកោតសរសើរជូនចំពោះថ្នាក់ដឹកនាំ គ្រប់ឋានានុក្រមនៅតាមមូលដ្ឋានសុខាភិបាលទាំងអស់ ដោយភាពបុរេសកម្ម និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដឹកនាំ និងពង្រឹងមូលដ្ឋានសុខាភិបាល ឆ្លុះបញ្ចាំងពីការអភិវឌ្ឍ នវានុវត្តន៍ ដែលទទួលបានលទ្ធផលនាពេលបច្ចុប្បន្ន និងនាពេលខាងមុខបន្តទៀត៕