គម្រោងវិនិយោគធំៗលើផ្នែកហេដ្ឋារចនាសម្ព័ន្ធរួមមានគម្រោងព្រែកជីហ្វូណនតេជោផងនោះ ត្រូវបានលើកមកជជែករវាងថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់របស់ចិន ដើម្បីទម្លុះទម្លាយឧបសគ្គទាំងឡាយឱ្យគម្រោងវិនិយោគទាំងនោះបញ្ចប់តាមការគ្រោងទុក។
ជំនួបពិភាក្សាដ៏មានសារៈសំខាន់សម្រាប់កិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានេះ ធ្វើឡើងនៅថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅឯទីក្រុងប៉េកាំង ប្រទេសចិន។ ភាគីកម្ពុជា ដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអមដោយឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកជំទាវឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីបច្ចេកទេសកម្ពុជាជាច្រើនរូប។ រីឯភាគីចិន ដឹកនាំដោយលោក Zheng Shanjie ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន (NDRC)។
ជំនួបនេះត្រូវបានរៀចចំឡើងដើម្បីពិនិត្យពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចការងារអភិវឌ្ឍន៍លើគម្រោងវិនិយោគសំខាន់ៗមួយចំនួនដែលវិនិយោគិនចិន បានបណ្ដាក់ទុនរួចរាល់នៅកម្ពុជា ដើម្បីធានាឱ្យគម្រោងទាំងអស់នេះ អាចអនុវត្តទៅដោយជោគជ័យ ក្រោមការជំរុញពន្លឿននីតិវិធីការងាររវាងភាគីទាំងពីរកម្ពុជា-ចិន ក្នុងគោលដៅរួម ឱ្យគម្រោងទាំងអស់សម្រេចបានឆាប់រហ័ស ដើម្បីបម្រើប្រយោជន៍ជាតិកម្ពុជា។
ក្នុងនោះគម្រោងព្រែកជីកហ្វូណនតេជោដែលជាគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់របស់កម្ពុជា ត្រូវបានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន បង្ហាញការប្តេជ្ញាចិត្ត នឹងជួយជំរុញឱ្យក្រុមហ៊ុនចិន ដែលវិនិយោគក្នុងគម្រោងនេះអនុវត្តការងារឱ្យសម្រេចបានលទ្ធផលតាមកាលកំណត់ ឬមុនកាលកំណត់ ដែលបានដាក់ចេញក្រោមការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា គឺអំឡុងឆ្នាំ២០២៨។
សូមបញ្ជាក់ថា តាមរយៈទំនាក់ទំនងទ្វេភាគីយ៉ាងជិតស្និទ្ធ ប្រទេសចិនបានជួយវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ ក្នុងនោះមានផ្លូវប្រវែងជាង ៣,០០០គីឡូម៉ែត្រ និងស្ពានចំនួន១៦ ឆ្លងកាត់ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងទន្លេដទៃទៀត ត្រូវបានសាងសង់ឡើង។ គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងនេះ បានតភ្ជាប់សហគមន៍ សម្រួលពាណិជ្ជកម្ម ការដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ចសង្គម ព្រមទាំងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើនផងដែរ៕