ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាការងារជាមួយ លោក Martin Herma អ្នកអភិវឌ្ឍន៍គម្រោងនៃអង្គការ Atmosfair ដែលជាអង្គការមិនរកប្រាក់ចំណេញរបស់ប្រទេសអាល្លឺម៉ង់ ក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីសមិទ្ធិលទ្ធភាព និងកាលានុវត្តភាពវិនិយោគលើមុខសញ្ញាថាមពលជីវម៉ាសនៅកម្ពុជា។
ក្នុងជំនួបខាងលើ អ្នកតំណាង Atmosfair បានបង្ហាញពីគោលបំណងរបស់ខ្លួនក្នុងការស្វែងរកដៃគូក្នុងស្រុក ដើម្បីសហការវិនិយោគលើគម្រោងថាមពលជីវម៉ាស សំដៅចូលរួមចំណែកដល់ការបង្កើនបរិមាណនៃថាមពលបៃតងនៅក្នុងស្រុក, តំបន់, និងសកល។
ជាមួយគ្នានេះ សមភាគីក៏បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងអំពីសក្តានុពលនៃឥណទានកាបូននៅកម្ពុជាដែលអាចមានលទ្ធភាពផ្គត់ផ្គង់ជូនសហគ្រាសអាល្លឺម៉ង់ ហើយបានបង្ហាញជំនឿចិត្តថានឹងមានឱកាសក្នុងការសហការជាមួយភាគីពាក់ព័ន្ធលើកិច្ចការនេះនាពេលអនាគត។
ឆ្លៀតនាឱកាសនោះ ឯកឧត្តមអគ្គលេខាធិការរង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអ្នកតំណាង Atmosfairដែលបានអញ្ជើញមកកម្ពុជាដោយផ្ទាល់ដើម្បីពិនិត្យ និងស្វែងយល់អំពីកិច្ចការថាមពលបៃតងនៅកម្ពុជា។
ឯកឧត្តមក៏បានជម្រាបជូនសមភាគីអំពីបច្ចុប្បន្នភាពថ្មីនៃរបបវិនិយោគពាក់ព័ន្ធនឹងថាមពលបៃតងដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ឯកឧត្តម គ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកទឹកចិត្តសមភាគីឱ្យបន្តជួបពិភាក្សាឱ្យបានស៊ីជម្រៅជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយសម្រាប់បម្រើជាមូលដ្ឋានដល់ការសម្រេចចិត្ត៕