កម្ពុជាមានរោងចក្រកិនស្រូវខ្នាតធំ១៩ និង ម៉ាស៊ីនកិនស្រូវខ្នាតតូច និងមធ្យមជិត២ម៉ឺនកន្លែង


កម្ពុជាគិតត្រឹមពេលនេះមានរោងចក្រកិនស្រូវ និងគ្រាប់ធញ្ញ​ជាតិ​ខ្នាតធំចំនួន១៩មូលដ្ឋាន ជាមួយដើមទុនវិនិយោគចំនួន ៣៤២,៣០ លានដុល្លារអាមេរិក និងម៉ាស៊ីនកិនស្រូវខ្នាតតូច-មធ្យម ចំនួន ១៩ ៥៧០ មូលដ្ឋាននៅទូទាំងប្រទេសជាមួយ ដើមទុនវិនិយោគចំនួន ១១១,៧០ លានដុល្លារខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់​គោលដៅនិងជំរុញការនាំចេញអង្ករ ឱ្យបាន១លានតោនចាប់ពីឆ្នាំ​២០២៥ និងសម្រេចកំណើននាំចេញជាបន្តបន្ទាប់ ពី៣% ទៅ ៥% ជារៀងរាល់ឆ្នាំ។

នៅក្នុងវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ ដែលបាន​ប្រារព្ធ​កាលពីដើមសប្ដាហ៍នេះឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ការប្តេជ្ញាចិត្ត​របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យស្រូវអង្ករតាមរយៈ​​ការស្រាវជ្រាវ និងនវានុវត្តន៍ កិច្ចសហការ និងការអនុវត្តប្រកបដោយ​និរន្តរភាព ដើម្បីបង្កើនភាពប្រកួតប្រជែងជាសកលនៃអង្ករកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី​​ ថ្លែងក្នុងវេទិកាស្រូវអង្ករ​កម្ពុជាដោយ​បានផ្តោតលើសារៈសំខាន់នៃការកែច្នៃដើម្បីបង្កើត តម្លៃបន្ថែម​សម្រាប់វិស័យស្រូវអង្កររបស់កម្ពុជា និងបានលើកឡើងពី​តួនាទី​របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការនាំយកផលិតផលកសិកម្មមកកែប្រែ កែច្នៃ និងផលិត​ទៅជាផលិតផលកសិ-ឧស្សាហកម្ម និងឧស្សាហកម្ម ដែលផ្តល់​តម្លៃបន្ថែមខ្ពស់ បង្កើតឱកាសទីផ្សារពិសេស (Niche Market)។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ដើម្បីគាំទ្របន្ថែមដល់វិស័យស្រូវអង្ករ ជាពិសេសអ្នកនាំចេញ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានប្រែក្លាយមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទៅជាគ្រឹះស្ថាន សាធារណៈរដ្ឋបាល ដែលនឹងពង្រីក​សមត្ថភាពធ្វើតេស្តរបស់ខ្លួនចាប់ពីខែធ្នូខាងមុខនេះទៅ។

សូមជម្រាបថាវេទិកាស្រូវអង្ករដែលប្រារព្ធនាពេលនេះក្នុងគោលបំណងចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ដើម្បីធ្វើការប្រមូលធាតុចូល និងវេទិកាពិភាក្សាលើចរន្តនិន្នាការនៃ​ទីផ្សារ​អង្ករលើពិភពលោកក៏ដូចជា ដើម្បីផ្សព្វផ្សាយអំពីគោល​នយោបាយ វិធានការ គោលដៅកម្ពុជាលើការជំរុញផលិតកម្មការ​នាំ​ចេញស្រូវ អង្ករជូនប្រជាកសិករ ពាណិជ្ជករនិងភាគីពាក់ព័ន្ធទាំង​អស់។ក្នុងវេទិកានេះដែរក៏មានការពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួនដែលអាចជាធាតុចូលសម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធស្រូវអង្ករកម្ពុជា និងជាគោលនយោបាយស្រូវអង្ករកម្ពុជាផង​ដែរ៕