ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន៖ ឆ្នាំនេះក្រសួងអប់រំនឹងបន្តវាយតម្លៃសាលារៀនចំនួន១៣០ទៀត ឱ្យប្រែក្លាយជាសាលារៀនគំរូ ដែលគ្រោងនឹងប្រកាសក្នុងសន្និបាតអប់រំឆ្នាំ២០២៥ខាងមុខ


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារ ជូនបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ។

ពិធីនេះមានការចូលរួមពីឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្ត តំណាងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងលោក លោកស្រី មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ នៃមន្ទីរអប់រំ និង លោកគ្រូ អ្នកគ្រូ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន បានថ្លែងនូវការចូលរួមអបអរសាទរដល់បុគ្គលិកអប់រំដែលទទួលបាននូវគ្រឿងឥស្សរិយយសនាថ្ងៃនេះ និងថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានបំពេញការងារប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់ ដើម្បីផ្ដល់នូវការអប់រំដ៏មានគុណភាពជូនដល់សិស្សានុសិស្ស ជាពិសេសចូលរួមយ៉ាងសកម្មនៅក្នុងការអនុវត្តកំណែទម្រង់វិស័យអប់រំ ក្នុងគោលដៅបណ្ដុះបណ្ដាល ធនធានមនុស្សដែលជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងរំលឹកពីប្រវត្តិដ៏យូរលង់របស់ប្រាសាទព្រះវិហារ ការរៀបចំផែនទីជាថ្មីក្នុងសម័យអាណានិគមបារាំង និងការផ្ទុះឡើងវិញនៃជម្លោះព្រំដែនជាមួយប្រទេសថៃ ពេលដែលកម្ពុជាស្នើដាក់ ប្រាសាទព្រះវិហារចូលជាបេតិកភណ្ឌពិភពលោក ហើយកម្ពុជាបានប្តឹងទៅតុលាអន្តរជាតិនៅទីក្រុងឡាអេ និងបានឈ្នះក្តីជាមួយប្រទេសថៃ។

មកដល់ឆ្នាំ២០០៨ សង្គ្រាមព្រំដែនជាមួយប្រទេសថៃ ត្រូវបានបញ្ចប់ទាំងស្រុង ហើយកម្ពុជាបានចរចាជាមួយប្រទេសជិតខាងដូចជា ថៃ និងវៀតណាម ដើម្បីបោះបង្គោលកំណត់ខ្សែបន្ទាត់ព្រំដែនឱ្យបានត្រឹមត្រូវឡើងវិញ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងបំណងបង្ការជម្លោះនាពេលអនាគត ដើម្បីអាចឱ្យកម្ពុជាផ្តោតយកចិត្តទុកដាក់លើការអភវិឌ្ឍប្រទេសជាតិបានពេញលេញ។ ហេតុនេះទើបបច្ចុប្បន្ននៅតាមខេត្តជាប់ព្រំដែន មានការអភិវឌ្ឍជាច្រើនគួរកត់សម្គាល់ដូចជា ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង សាលារៀន មណ្ឌលសុខភាព ដែលធ្វើឱ្យប្រជាជនរស់នៅតាមតំបន់ព្រំដែនទទួលបាននូវឱកាសការងារ និងការអប់រំប្រកបដោយគុណភាព សមភាព និងបរិយាបន្ន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានថ្លែងបញ្ជាក់ទៀតថា សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលក្នុងនោះមានមុំ២សំខាន់ ពាក់ព័ន្ធនឹងវិស័យអប់រំ ដែលមុំទី១ ផ្តោតលើការអភិវឌ្ឍន៍មូលធនមនុស្ស និងមុំទី២ គឺការអភិវឌ្ឍបច្ចេកវិទ្យា វិទ្យាសាស្ត្រ ឌីជីថល។

ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណនេះ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញរបៀបវារៈកំណែទម្រង់វិស័យអប់រំ ដែលបានចាប់ផ្តើមពីការធ្វើកំណែទម្រង់ការប្រឡងសញ្ញាបត្រទុតិយភូមិក្នុងឆ្នាំ២០១៣ កំណែទម្រង់ សាលារៀន និងបច្ចុប្បន្នបាននិងកំពុងអនុវត្តស្តង់ដាសាលារៀនគំរូ ដោយជំរុញលើកទឹកចិត្ត និងគាំទ្រដល់សាលានៅតំបន់ឆ្ងាយៗ ដែលមានការប្តេជ្ញាចិត្តសម្រេចឱ្យបាននូវស្តង់ដាសាលារៀនគំរូ ចំនួន ៥ រួមមាន (ស្តង់ដាទី១)៖ លទ្ធផលសិក្សារបស់សិស្ស (ស្តង់ដាទី២)៖ ការបង្រៀន និងរៀន (ស្តង់ដាទី៣)៖ ការចូលរួមរបស់សហគមន៍ (ស្តង់ដាទី៤)៖ ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន (ស្តង់ដាទី៥) ៖ គណនេយ្យភាពរបស់សាលារៀន។

ដើម្បីអនុវត្តយុទ្ធសាស្ត្របញ្ចកោណឱ្យមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបនឹងចក្ខុវិស័យកម្ពុជា សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនូវ វិធានគន្លឹះ៤ រួមមាន៖

*ទី១៖ ការពង្រឹងអភិបាលកិច្ចសាលារៀន
*ទី២៖ ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។
*ទី៣៖ ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួត ពិនិត្យសុខភាពចំណីអាហារនៅតាមសាលារៀន
*ទី៤៖ ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ។

ជាមួយនេះ ក្រសួងបានដាក់ចេញនូវរបៀបវារៈកំណែទម្រង់សាលាគរុកោសល្យ ក្នុងនោះ បានកែលម្អហេដ្ឋារចនាសម្ព័ន្ធវិទ្យាស្ថានគរុកោលស្យ លើកកម្ពស់គុណវុឌ្ឍិ និងតួនាទីគ្រូបង្រៀន តាមរយៈការកែលម្អគោល នយោបាយគ្រូបង្រៀនឱ្យឆ្លើយតបទៅនឹងស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន ដំឡើងប្រាក់បៀវត្ស ជំរុញឱ្យមានការទទួលស្គាល់ និងផ្តល់តម្លៃដល់គ្រូបង្រៀននៅក្នុងសង្គម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ថ្លែងយ៉ាងដូច្នេះទៀតថា ឆ្នាំនេះក្រសួងអប់រំនឹងបន្តវាយតម្លៃសាលារៀនចំនួន១៣០ទៀត ឱ្យប្រែក្លាយជាសាលារៀនគំរូ ដែលគ្រោងនឹងប្រកាស ក្នុងសន្និបាតអប់រំឆ្នាំ២០២៥ខាងមុខ បន្ទាប់ពីបានអនុម័តសាលារៀនគំរូចំនួន១២០ នាឆ្នាំកន្លងទៅ ដូច្នេះសរុបនឹងមានសាលារៀនគំរូចំនួន២៣០នៅឆ្នាំក្រោយ។

ឯកឧត្តមថា គោលដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺជំរុញឱ្យគ្រប់ខេត្តត្រូវតែមានសាលារៀនគំរូ និងសម្រេចឱ្យបានយ៉ាងហោចណាស់ចំនួន៥០០ ទៅ១០០០សាលាគំរូ ក្នុងអាណត្តិទី៧ និងបន្ត លើកទឹកចិត្តឱ្យមានការរៀនពេញមួយថ្ងៃ៕