ឯកឧត្តម ប៉ែន បូណា៖ ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយម គឺការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ


ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាល បានលើកឡើងថា នយោបាយភូតកុហក បង្កើតព័ត៌មានក្លែងក្លាយ និងនិយាយមួល​បង្កាច់ ញុះញង់ ដែលសុទ្ធសឹងជាសកម្មភាពទុច្ចរិត ខុសពីគន្លងសីលធម៌សង្គមខ្មែរ កំពុងធ្វើឱ្យក្រុម​ប្រឆាំង​ជ្រុល​និយមកាន់តែឯកោទៅៗជាលំដាប់ និងឈានទៅរកទីបញ្ចប់ប្រៀបដូច​ចង្កៀង​អស់​ប្រេង។ ដូច្នេះ ត្រូវពួតដៃគ្នាផ្តុំពន្លត់មនោគមន៍វិជ្ជាជ្រុលនិយម​នេះឱ្យអស់ពីសង្គមឱ្យបាន​ឆាប់តាម​ដែលអាចធ្វើបាន។

បើតាម ឯកឧត្តម ប៉ែន បូណា ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍​វិជ្ជាជ្រុល​និយម​នេះ គឺការផ្តល់ព័ត៌មានពិតដល់ប្រជាពលរដ្ឋ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវដើរតួជាភ្នាក់ងារចែកចាយព័ត៌មានពិតដល់ប្រជាពលរដ្ឋឱ្យបានច្រើនតាមដែលអាចធ្វើបាន។ ព័ត៌មានពិតទាំងនោះ គឺសុខសន្តិភាព ស្ថិរភាពនយោបាយ យុទ្ធសាស្ត្របញ្ចកោណ និងកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច ដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីរិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក៏ដូចជាសមិទ្ធផលទាំងឡាយដែលរាជរដ្ឋាភិបាលសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីសម្រេចបានដើម្បីជាតិនិងប្រជាពលរដ្ឋ។

ការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា ធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីជាមួយឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់​មន្ត្រី​ព័ត៌មាននិងអ្នកនាំពាក្យ នៃរដ្ឋបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅសាលាខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរដ្ឋបាលខេត្ត មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធខេត្តទាំង៣ប្រភេទ លោក លោកស្រី ជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីទទួលបន្ទុកព័ត៌មាននិងអ្នកនាំពាក្យថ្នាក់ខេត្តរហូតដល់ថ្នាក់ស្រុក-ក្រុង និងឃុំ-សង្កាត់ សរុបជាង ៥៣៦នាក់។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖ ទី១. ពង្រឹងការយល់ដឹងពី តួនាទីនិងភារកិច្ចរបស់អ្នកនាំពាក្យប្រកបដោយជំនាញនិងវិជ្ជាជីវៈ ទី២. ចែករំលែកបទពិសោធកិច្ចការព័ត៌មាននិងនាំពាក្យ ទី៣. បង្កើននូវជំនាញក្រុមព័ត៌មាននិងអ្នកនាំពាក្យប្រកបដោយវិជ្ជាជីវៈ និង ទី៤. កសាងបណ្តាញរវាងអ្នកនាំពាក្យនិងក្រុមព័ត៌មាន។ វគ្គបណ្តុះបណ្តាល ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នេះ សហការរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រៃវែង៕