ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារ ថែទាំជាប្រចាំ នូវផ្លូវក្រាលល្បាយក្រួសចំនួន៧ខ្សែ នៅស្រុកសង្គមថ្មី ស្រុកត្បែងមានជ័យ ស្រុករវៀង ស្រុកជ័យសែន ខេត្តព្រះវិហារ។
លោក ម៉ប់ ធិរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានថ្លែងថា ប្រតិភូអន្តរក្រសួងដែលដឹកនាំដោយឯកឧត្តម សាន វិសាល មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារថែទាំជាប្រចាំផ្លូវក្រាលល្បាយក្រួសចំនួន៧ខ្សែ ប្រវែងសរុប៩៥៤០០ម៉ែត្រ ទទឹងខ្នងលើ៥ម និង៦ម ស្ថិតក្នុងស្រុកសង្គមថ្មី ស្រុកត្បែងមានជ័យ ស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ។
ក្នុងឱកាសនោះឯកឧត្តម សាន វិសាល បានផ្តាំផ្ញើសួរសុខទុក្ខ និងនាំវត្ថុអនុស្សាវរីយ៍ជាក្រមាពីឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់បងប្រជាពលរដ្ឋដែលជាអ្នកទទួលផលផ្ទាល់ ពីសមិទ្ធផលលើខ្សែផ្លូវដែលបានថែទាំជួសជុលថែទាំជាប្រចាំនេះ ដោយម្នាក់ៗទទួលបានក្រមា១ផងដែរ។
លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ថ្លែងបញ្ជាក់ថា គម្រោងលេខ DRR-RM-2024-No.029 គឺទទួលការអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ។ បន្ទាប់ពីបានចុះពិនិត្យខ្សែផ្លូវទាំង៧ខ្សែរួចមក គណៈកម្មការអន្តរក្រសួងបានឯកភាព ទទួលយកលទ្ធផលសម្រេចបាន១០០ភាគរយ លើការងារជួសជុលថែទាំផ្លូវក្រាលល្បាយក្រួស ដោយផ្អែកលើបទដ្ឋានបច្ចេកទេសដូចមានចែងក្នុងកិច្ចសន្យា៕