សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាំណែឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើអធិបញ្ជាទៅអគ្គព្រះរាជអាជ្ញា ដើម្បីប្តឹងតវ៉ាទៅសាលាឧទ្ធរណ៍ ជុំវិញការសម្រេចក្តីឱ្យ ម្ចាស់រថយន្ត Ford Ranger ជាប់ពន្ធនាគារ៥ឆ្នាំ


(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានណែនាំឱ្យ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យធ្វើអធិបញ្ជា ទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ដើម្បីប្តឹងតវ៉ាទៅសាលាឧទ្ធរណ៍ ជុំវិញការសម្រេចក្តីឱ្យ ម្ចាស់រថយន្ត Ford Ranger ជាប់ពន្ធនាគារ៥ឆ្នាំ។

ការណែនាំនេះ បានធ្វើឡើងបន្ទាប់ពី សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានប្រកាសសាលក្រមកាត់ទោស លោក នាង សំអូន ដែលបើករថយន្ត Ford Ranger ទាំងស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមានមនុស្សស្លាប់៤នាក់ស្លាប់ និង៤នាក់ទៀតរងរបួស នៅក្រោមស្ពានអាកាសឬស្សីកែវ កាលពីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។

ថ្លែងក្នុងពិធីប្រគល់​សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី២៦ ខែកញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដូច្នេះថា៖ «ត្រូវប្តឹងទៅឧទ្ធរណ៍ ខ្ញុំប្រគល់ភារកិច្ចឱ្យក្រសួងយុត្តិធម៌ ប្រើអំណាច​អធិបញ្ជារបស់ខ្លួនតាមច្បាប់ឱ្យគោលការណ៍ទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ប្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីពិនិត្យមើលការសម្រេចនេះធ្ងន់គ្រប់គ្រាន់ហើយឬនៅ ព្រោះបុកស្លាប់ដល់ទៅ៤នាក់ឯណោះ»

ជាមួយនឹងការណែនាំ ឱ្យលោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ឱ្យរៀបចំឯកសារ សម្តេចបានបន្ថែមថា៖ «រឿងនេះប៉ះពាល់ច្រើនណាស់ ហើយជាគំរូ ទៅដល់អ្នកដែលបើកបរស្រវឹងផ្សេងទៀតផងដែរ»

បើតាម សម្តេចធិបតី ហ៊ុន ម៉ាណែត, ករណីនេះ ប្រសិនបើច្បាប់ចែងអស់ធ្ងន់ត្រឹម៥ឆ្នាំហើយនោះ ក្រសួងយុត្តិធម៌ ក៏ត្រូវរៀបចំវិសោធនកម្មច្បាប់ នៅពេលខាងមុខ ដើម្បីកំណត់ទោសឱ្យបានសមស្របផងដែរ។

សម្តេចបានថ្លែងថា៖ «បើច្បាប់កំណត់ យើងមិនអាចធ្វើអ្វីឱ្យលើសពីដែនកំណត់នៃច្បាប់ដែលមានជាធរមានបានទេ ប៉ុន្តែយើងត្រូវពិនិត្យមើល បើសិនជាទម្ងន់នេះដាក់អស់ហើយ យើងត្រូវតែពិនិត្យមើល ដើម្បីធ្វើវិសោធនកម្មច្បាប់ ដើម្បីបង្កើនទម្ងន់ទោសទៅថ្ងៃក្រោយ»

សម្តេចបានបន្តថា រឿងបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយស្រវឹងនេះ បើចង់អនុវត្តទប់ស្កាត់ គឺត្រូវបង្កាតាមរយៈការអនុវត្តច្បាប់ឱ្យបានតឹងរឹង។ សម្តេចថ្លែងទៀតថា រដ្ឋាភិបាលមិនអាចទៅបញ្ជាតុលាការទេ ហើយតុលាការក៏មិនអាចកាត់ក្តីឱ្យលើសពីក្របខណ្ឌច្បាប់បានទេ។ ក្រសួងយុត្តិធម៌ ដែលកំពុងរៀបចំវិសោធនកម្មលើក្រមព្រហ្មទណ្ឌ និងក្រមរដ្ឋប្បវេណី គឺត្រូវតែពិនិត្យមើលការកែសម្រួលចំណុចនេះផងដែរ៕