ឯកឧត្តម ហូ សិទ្ធីគុណ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ឯកឧត្តមនឹងជួយអភិវឌ្ឍន៍តំបន់តាថាវ ដែលជាទីតាំងសមរភូមិក្តៅពេលសម័យសង្គ្រាមឱ្យមានសក្តានុពលទាក់ទាញ ភ្ញៀវទេចរ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងគ្រួសារកងទ័ពដែលកំពុងរស់នៅទីនេះ។
ការថ្លែងបែបនេះរបស់ឯកឧត្តម ហូ សិទ្ធីគុណ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាតំណាងឯកឧត្តម ហូ សិទ្ធី ទេសរដ្ឋមន្ត្រីទទួកបន្ទុកនាយកខុទ្ទកាល័យសម្តេចមហាបវរធិបតី បានដឹកនាំក្រុមការងារខុទ្ធកាល័យសម្តេចមហាបវរធិបតី ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយជាថវិកា សម្ភារ ចែកជូននាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពវរសេនាតូចលេខ៣៨៥ ឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តម ហូ សិទ្ធីគុណ បានថ្លែងលើកឡើងនៅអ្វីដែលឯកឧត្តមធ្លាប់សន្យាជាមួយកងទ័ព និងគ្រួសារកងទ័ពថា ឯកឧត្តមនឹងជួយអភិវឌ្ឍន៍តំបន់តាថាវឱ្យមានសក្តានុពលដើម្បីទាក់ទាញភ្ញៀវទេសចរ។ ដូច្នេះក្រោយភ្លៀងចាប់ផ្តើមរាំងស្ងួត ឯកឧត្តមនឹងដឹកនាំ ក្រុមការងារចុះមកពិភាក្សា និងសិក្សាឡើងវិញថាតើអ្វីដែលយើងអាចធ្វើទៅបាននៅទីនេះ? ដើម្បីផ្សព្វផ្សាយនៅតំបន់នេះឱ្យមានសក្តានុពល ក្រៅពីឈរជើងការពារបូរណភាពទឹកដី ក៏ប៉ុន្តែយើងមិនអាចចោលបានចំពោះជីវភាពរស់នៅ របស់បងប្អូននៅទីនេះបានទេ ក្នុងឱកាសណាមួយដែលយើងអាចផ្សារភ្ជាប់និងអភិវឌ្ឍន៍ទៅក្លាយជាតំបន់ប្រវត្តិសាស្ត្រទេចរណ៍ណាមួយ ដែលអាចនាំភ្ញៀវទេសចរមកផ្តល់ផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋគ្រួសារកងទ័ព។
ឯកឧត្តមនាយករងខុទ្ធកាល័យសម្តេចមហាបវរធិបតី បានអំពាវនាវឱ្យរួមគ្នាក្នុងក្រុមគ្រួសារ រៀនធ្វើម្ហូប កែច្នៃអ្វីដែលប្លែក អ្វីដែលថ្មី ហើយយកទៅផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមផ្សេងៗ ដើម្បីអូសទាញភ្ញៀវទេសចរ អំឡុងពេលយើងកំពុងឈរ ជើងការពារព្រំដែនផងដែរ។
ក្នុងនាមខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ឯកឧត្តម ហូ សិទ្ធីគុណ បានថ្លែងអំណរគុណឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ, លោក ប៉ែន រដ្ឋា តំណាងលោកអ្នកឧកញ៉ា ពង់ ឃាវសែ អគ្គនាយក ធានាគារកាណាឌីយ៉ា និងភូមិវប្បធម៌សៀមរាប លោក វ៉ាន់ឆារស៌ ជួន, លោក អ៊ូច ឌីណា លោក ហាក់ ចាន់រឿន លោក ឡុញ ហ៊ាល និងលោក តាំង ស៊ុយជា ដែលបានចូលរួមជាមួយខុទ្ទកាល័យសម្តេចធិបតី ឧបត្ថម្ភថវិកា និងសម្ភារជូនដល់កងទ័ព ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ជាពិសេសប្រតិភូគ្រប់រូបដែលបានចូលរួមដំណើរយ៉ាងកក់ក្តៅផងដែរ។
សូមបញ្ជាក់ថា អំណោយរបស់ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលនាំមកចែកជូននៅពេលនេះរួមមាន៖ ជូនអង្គភាពវរេសនាតូចលេខ៣៨៥ ថវិកា៥,០០០ដុល្លារ ជូននាយ និងពលទាហាន ក្នុងម្នាក់ថវិកាចំនួន១៦០,០០០រៀល, ថ្នាំពេទ្យ ទឹកក្រូច ទឹកបរិសុទ្ធ មី ទឹកត្រី សម្លៀកបំពាក់សម្រាប់ចែកជូនគ្រួសារកងទ័ពផងដែរ៕