ក្រសួងការងារ អំពាវនាវឱ្យពលរដ្ឋខ្មែរទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ តាមរយៈទីភ្នាក់ងារជ្រើសរើសឯកជនដែលបានចុះបញ្ជិកាជាមួយក្រសួង


ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលមានបំណងទៅធ្វើការនៅក្រៅប្រទេស ជាពិសេសប្រទេសថៃ សូមទៅធ្វើការងារដោយស្របច្បាប់ តាមរយៈភ្នាក់ងារជ្រើសរើសពលករឯកជនដែលបានចុះបញ្ជិកានៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាវៈដោយស្របច្បាប់។

ឯកឧត្តមរដ្ឋលេខាធិការក៏បានធ្វើក្រើនរំលឹកដល់ពលរដ្ឋខ្មែរ ជៀសវាងការទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ តាមរយៈមេខ្យល់ដែលគ្មានច្បាប់គាំពារត្រឹមត្រូវ នាំឲ្យបាត់បង់អត្ថប្រយោជន៍ ឬមានការរំលោភបំពានផ្លូវច្បាប់ ជាពិសេសនោះគឺប្រឈមនឹងការចាប់ខ្លួនពីសំណាក់អាជ្ញាធរបរទេសទៀតផង។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការស្នើឱ្យពលរដ្ឋឈប់ជាបន្ទាន់ក្នុងការចេញទៅធ្វើការងារនៅក្រៅប្រទេសដោយខុសច្បាប់។ ក្នុងករណីមានការបបួល ឬលួងលោមពីសំណាក់មេខ្យល់ដើម្បីចេញទៅធ្វើការដោយខុសច្បាប់ សូមរាយការណ៍ជូនសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីមានវិធានការច្បាប់ចំពោះជនល្មើសទាំងនោះ។

ឯកឧត្តមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ នៅប្រទេសកម្ពុជាមានតែភ្នាក់ងារជ្រើសរើសឯកជនដែលបានចុះបញ្ជិកាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានសិទ្ធិបញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់បាន ក្រៅពីនោះគឺជាការបញ្ជូនពលករដោយខុសច្បាប់។ ទន្ទឹមនេះ អាជ្ញាធរក៏ព្រមានពីវិធានការផ្លូវច្បាប់យ៉ាងតឹងរឹងប្រសិនបើរកឃើញថា មានបុគ្គល ឬទីភ្នាក់ងារណាមួយដែលបានបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់។

ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា ជុំវិញព័ត៌ុមានផ្សេងៗពាក់ព័ន្ធនឹងការទៅធ្វើការងារនៅក្រៅប្រទេសដោយស្របច្បាប់ ប្រជាពលរដ្ឋអាចទាក់ទងផ្ទាល់មកក្រសួង ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធាន- ខេត្ត ឬទូរសព្ទមកលេខ ១២៩៧ ឬ ១២៨៦។

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគាំទ្រទៅដល់ការអំពាវនាវរបស់អ្នកនាំពាក្យក្រសួងការងារ ក្នុងនោះឯកឧត្តមបណ្ឌិតក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរដែលមានបំណងចង់ធ្វើទៅធ្វើការនៅក្រៅប្រទេស ត្រូវមានការស្វែងយល់ឱ្យបានត្រឹមត្រូវពីក្រុមហ៊ុនដែលបញ្ជូននោះ ជៀសវាងទៅធ្វើការដោយខុសច្បាប់។

ឯកឧត្តមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមថា «បងប្អូនប្រជាពលរដ្ឋរបស់យើងត្រូវជៀសវាងឱ្យផុតពីការទៅធ្វើការនៅក្រៅប្រទេសតាមរយៈមេខ្យល់ ព្រោះវាជាការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់។ កាលណាយើងទៅតាមរយៈមេខ្យល់នោះយើងនឹងមានបញ្ហាហើយ ដូចជា ការរំលោភបំពានកម្លាំងពលកម្ម ការរំលោភសិទ្ធិ និងអំពើខុសច្បាប់ផ្សេងៗទៀត»។

ឯកឧត្តមបណ្ឌិតបន្ថែមថា ការទៅធ្វើការនៅក្រៅប្រទេសតាមរយៈក្រុមហ៊ុនដែលបានចុះបញ្ជិការជាមួយរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បងប្អូនពលករនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ប្រាក់បៀវត្សល្អ ទទួលបានអត្ថប្រយោជន៍ពេញលេញពីនិយោជកបរទេស និងទទួលបានចំណេះជំនាញត្រឹមត្រូវនៅពេលត្រលប់មកកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីអស់អាណត្តិ។

ឯកឧត្តមបណ្ឌិត យង់ ពៅ បានវាយតម្លៃខ្ពស់ចំពោះយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងតែបានអំពាវនាវ និងដាក់ចេញនូវវិធានការថ្មីៗ ដើម្បីទប់ស្កាត់កុំឱ្យបងប្អូនប្រជាពលរដ្ឋទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់។ ជាងនេះទៅទៀតរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារតែងតែស្វែងរកដៃគូដែលជាក្រុមហ៊ុនជ្រើសរើសឯកជនដោយស្របច្បាប់ ដើម្បីបញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ទទួលបានអត្ថប្រយោជន៍ពេញលេញ។

ទន្ទឹមនឹងការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទៅធ្វើការងារនៅក្រៅប្រទេសដោយស្របច្បាប់នេះផងដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក៏តែងរៀបចំឱកាសការងារក្នុងស្រុកជាច្រើនម៉ឺនកន្លែងរៀងរាល់សប្តាហ៍ សម្រាប់ប្រជាពលរដ្ឋមានបំណងធ្វើការងារក្នុងវិស័យសំខាន់ៗ ដូចជាវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងសេវាកសិកម្ម៕