មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ជំរុញឱ្យមានចលនាបង្កើតភូមិគំរូ ក្នុងខេត្តពោធិ៍សាត់ ដើម្បីការអភិវឌ្ឍន៍សហគមន៍


ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានជំរុញឱ្យមានការរៀបឱ្យមានការដាក់បញ្ជូលភូមិគំរូ ទៅក្នុងផែនការយុទ្ធសាស្ដ្រ ឆ្នាំ២០២៥ និងក្នុងគោលនយោបាយជាតិអភិវឌ្ឍន៍​ជនបទ​ឆ្នាំ២០២៥ -២០៣៥ នៅក្នុងខេត្តពោធិ៍សាត់ ដើម្បីការអភិវឌ្ឍន៍សហគមន៍ និងជាផលប្រយោជន៍រួមឆ្ពោះទៅរកគោលដៅរួមរបស់សហគមន៍ និងមានការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តម អ៉ិន ចន្ថា បានលើកឡើងយ៉ាងដូចនេះនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ នាឱកាសដែលឯកឧត្តមតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំរៀបចំកិច្ចប្រជុំបូក​សរុបលទ្ធផលការងារ​ប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្តត្រីមាសទី៤ ឆ្នាំ២០២៤ របស់អភិវឌ្ឍន៍ជបទខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមអភិបាលរងខេត្ត តំណាងអង្គការដៃគូ និងអាជ្ញាធរភូមិឃុំ-ស្រុកពាក់ព័ន្ធ។

បន្ថែមពីនេះឯកឧត្តម អ៉ិន ចន្ថា ក៏បានណែនាំឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធយកចិត្តទុកដាក់ក្នុងចលនាការជ្រើសរើសភូមិមួយចំនួនក្នុងខេត្តពោធិ៍សាត់ បង្កើតទៅជាភូមិគំរូ​ទូទាំងប្រទេស ដោយភូមិគំរូដែលគ្រោងនឹងបង្កើតនោះគឺជា «សហគមន៍ដែលមានសន្ដិសុខ សុវត្ថិភាព ហេដ្ឋារចនាសម្ព័ន្ធ កម្រិតជីវភាពសមរម្យ អ្នកភូមិមានការចូលរួមសកម្មភាពអភិវឌ្ឍន៍ក្នុងភាពជាម្ចាស់ គិតពីផលប្រយោជន៍រួម ក្នុងការឆ្ពោះទៅរកគោលដៅរួមរបស់សហគមន៍ និងមានការអភិវឌ្ឍប្រកបដោយចីរភាព» ដើម្បីលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅឱ្យប្រសើរឡើង ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដោយត្រូវបានកំណត់ដោយលក្ខណៈវិនិច្ឆ័យចំនួន ៦ចំណុច រួមមាន៖ អភិបាលកិច្ចល្អ, ការអប់រំ និងធនធានមនុស្ស,សុខភាព និងបរិស្ថានរស់នៅ, ជីវភាពរស់នៅ, ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ, និងបច្ចេកវិទ្យា ។

ឯកឧត្តម អ៉ិន ចន្ថា បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើតសមិទ្ធផលសម្រាប់ជាតិ និងប្រជាជន តាមរយៈការផ្តល់​សេវាសាធារណៈ ការបង្កើតសហគមន៍រួមគ្នា ការរៀបចំរចនាសម្ព័ន្ធ និងផែនការអនុវត្តរួមគ្នា ដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់នៃការងារ ក្រោមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងចំនួន៣រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងធនធានទឹកនិងឧតុនិយម ត្រូវពួតដៃគ្នាជំរុញសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ដោយត្រូវជំរុញការងារនេះឱ្យចេញជារូបរាងពិតប្រាកដ ឆាប់រហ័ស មានលទ្ធផលល្អ ជាគំរូដល់សហគមន៍នានា ទទួលបាននូវភោគផលសេដ្ឋកិច្ច និងសេដ្ឋកិច្ចមាត្រដ្ឋានខ្ពស់ ដែលស្របនឹងគោលនយោបាយជាតិ កម្ពុជាឆ្ពោះទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕