អភិបាលខេត្តព្រះវិហារ អញ្ជើញបើកកញ្ចប់វិញ្ញាសារ ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤


ដំណើរការប្រឡងធម្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ នៅខេត្តព្រះវិហារ បានចាប់ផ្តើមហើយនាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ ដោយមានបេក្ខជន-បេក្ខនារីចូលរួមប្រឡងចំនួន១,៨២០នាក់ ក្រោមបរិយាកាសស្ងប់ស្ងាត់ និងការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីគណៈកម្មការជំនាញទាំងអស់ ដើម្បីឱ្យលទ្ធផលប្រឡងមានតម្លាភាព សុក្រឹត្យ យុត្តិធម៌ ត្រឹមត្រូវ។

គួរជម្រាបថា ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៣-២០២៤ បាននិងកំពុងប្រព្រឹត្តទៅចំនួន២ថ្ងៃ ចាប់ពីទី៨-៩ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានចូលរួមកាត់វិញ្ញាសាជូនបេក្ខជននៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៉ីម ត្បែងមានជ័យ។ រីឯលោកជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្ត បានចូលរួមកាត់វិញ្ញាសានៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត ខណៈ ឯកឧត្តម វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្ត បានចូលកាត់វិញ្ញាសានៅសាលាអនុវិទ្យល័យ ហ៊ុន សែន ត្បែងមានជ័យ និងឯកឧត្តម សុខ សាន្តតារ៉ា អភិបាលរងខេត្ត បានចូលកាត់វិញ្ញាសានៅសាលាបឋមសិក្សាត្បែងមានជ័យ។

ឯកឧត្តម គីម រិទ្ធី បានផ្តាំផ្ញើបេក្ខជនទាំងអស់ត្រូវតាំងចិត្តតាំងស្មារតីឱ្យបានល្អ កុំមានការភិតភ័យ ត្រូវខិតខំធ្វើរាល់វិញ្ញាសាទាំងអស់ឱ្យបានត្រឹមត្រូវច្បាស់លាស់ ឯកឧត្តមក៏បានថ្លែងជូនពរលើកទឹកចិត្តដល់បេក្ខជនសូមទទួលបានជោគជ័យ និងនិទ្ទេសល្អគ្រប់ៗគ្នា ដើម្បីខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ។

សូមបញ្ជាក់ថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ សម្រាប់ខេត្តព្រះវិហារ មាន៤មណ្ឌល៖ មណ្ឌុលវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៉ីម ត្បែងមានជ័យ មណ្ឌលសាលាគរុកោសល្យ និងវិក្រត្យការខេត្តព្រះវិហារ មណ្ឌលអនុវិទ្យាល័យ ហ៊ុន សែន ត្បែងមានជ័យ និងមណ្ឌលសាលាបឋមសិក្សាត្បែងមានជ័យ៕