សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះមរណភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានផ្ញើសារលិខិតជូន លោកជំទាវ កែវ ស្រីពេជ្រ និងក្រុមគ្រួសារ ដោយចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះ មរណភាពរបស់ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ អនុប្រធានទី២ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ដែលត្រូវស្វាមីរបស់លោកជំទាវ ដែលបានទទួលអនិច្ចកម្ម នៅថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ ២០២៤ វេលាម៉ោង ១៨:០០នាទី ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ ។

មរណភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី គឺជាការបាត់បង់រកអ្វីប្រៀបផ្ទឹមពុំបាននូវ ស្វាមី បិតា បិតាក្មេក ជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយគុណធម៌ សង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អ ប្រពៃចំពោះក្រុមគ្រួសារ។ ជាងនេះទៀត មរណភាពនេះគឺជាបាត់បង់នូវថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលជានិច្ចកាលបាន លះបង់ពេលវេលា កម្លាំងកាយចិត្តយ៉ាងសកម្មក្នុងការរួមចំណែកថែរក្សាសុខសន្តិភាព ឯករាជ្យជាតិ អធិបតេយ្យជាតិ បូរណភាពទឹកដី និងការអភិវឌ្ឍជាតិមាតុភូមិជារៀងរហូតមក ព្រមទាំងបានរួមចំណែកលើកតម្កើងកិត្យានុភាពនៃ កងកម្លាំងមួកខៀវកម្ពុជាក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ទោះបីរូបកាយ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបាត់បង់ ទៅក៏ពិតមែន ប៉ុន្តែកិត្តិយស សេចក្តីថ្លៃថ្នូរ ភាពអំណត់តស៊ូ និងស្នាដៃ នឹងស្ថិតស្ថេរក្នុងចិត្តក្រុមគ្រួសារ និងញាតិមិត្តជិត ឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍ ។

ជាចុងក្រោយ សម្តេចសូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យតេជៈព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយប្រោះព្រំ ប្រសិទ្ធពរជូនដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕