គណបក្សប្រជាជនកម្ពុជា ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី


គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមសម្ដែងនូវទុក្ខក្រៀមកំប្រកបដោយក្តីក្តុកក្តួលបំផុតដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមរបស់កកម្មថែរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ, អនុប្រធានទី២ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីន និងជាអគ្គនាយក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៨៖០០នាទី ក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ គណៈអចិន្ត្រៃយ៍នៃគណៈ កម្មាធិការកណ្តាល សូមសម្តែងនូវការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ចំពោះ មរណភាពនេះ និងសូមកត់ត្រាទុកនូវរាល់ស្នាដៃ និងគុណបំណាច់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ជាឥស្សរជនដ៏ឆ្នើម ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា ជាពិសេសបានរួមចំណែកយ៉ាង សកម្មក្នុងការលើកតម្កើងកិត្យានុភាពនៃកងកម្លាំងមួកខៀវកម្ពុជា នៅលើឆាកអន្តរជាតិ។

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្តីសោកសង្រេងបំផុតជាមួយក្រុមគ្រួសារនៃសព ហើយសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានទៅកាន់សុគតិភពកុំបីខាន ឡើយ៕