ដំណាំស្រូវរបស់ប្រជាកសិករនៅស្រុកព្រៃឈរ និងស្រុកជើងព្រៃ កំពុងទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង, ឯកឧត្តមអភិបាលខេត្តកំពង់ចាម ចុះសិក្សាដើម្បីបញ្ជៀសផលប៉ះពាល់ទាំងនេះ


អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងសិក្សាផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ចំនួន៤ឃុំ ស្ថិតនៅក្នុងស្រុកព្រៃឈរ និងស្រុកជើងព្រៃ ដើម្បីដាក់ចេញវិធានការសង្គ្រោះ។

ឯកឧត្តម អ៊ុន ចាន់ដា បានឲ្យដឹងថា ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងមានចំនួន៤ឃុំ ក្នុងនោះឃុំស្រង៉ែ ឃុំបឹងណាយ និងឃុំសូសែន ស្ថិតក្នុងស្រុកព្រៃឈរ ដោយឡែក ១ឃុំទៀត គឺឃុំត្រពាំងគរ ស្ថិតក្នុងស្រុកជើងព្រៃ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ដោយសារផលប៉ះពាល់ខាងលើ ជាវិធានការ អាជ្ញាធរខេត្តបានចុះពិនិត្យ និងសិក្សា ដើម្បីរៀបចំដាក់ចេញវិធានការរំដោះទឹក បញ្ជៀសនូវផលប៉ះពាល់ផ្ទៃដីបង្កបង្កើនផល របស់ប្រជាពលរដ្ឋ។

បើទោះជាយ៉ាងនោះក្តី ឯកឧត្តមអភិបាលខេត្ត បានរំពឹងទុកថា ប្រសិនបើមិនមានភ្លៀងធ្លាក់ទៀតទេ ត្រឹមរយៈពេល៣ថ្ងៃទៀត ជំនន់ទឹកភ្លៀងអាចមានភាពធូរស្បើយឡើងវិញហើយ៕