ឯកឧត្តម ម៉ាង ស៉ីណេត អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ គឺបានចូលរួមផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ និងកេរ្តិ៍ឈ្មោះប្រទេសជាតិទៅកាន់បរទេស។
ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅខេត្តព្រះសីហនុ ដែលចាប់ផ្ដើមពីទីលានតេជោ រត់តាមវិថីឯករាជ្យក្នុងក្រុង រហូតដល់វេទិកា៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។
នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលមានការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានយកចិត្តទុកដាក់លើវិស័យកីឡា ដែលជាវិស័យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានដើរតួនាទីយ៉ាងសំខាន់ទាំងនៅកម្ពុជា និងសកលលោក កីឡាទទួលបាននូវការចាប់អារម្មណ៍ គាំទ្រកាន់តែច្រើនពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីពណ៌សម្បុរ ឬនិន្នាការនយោបាយ។
ឯកឧត្តមអបអរសាទរការរត់ភ្លើងគប់នៃការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ នាពេលនេះ ដែលអ្នកពាក់ព័ន្ធទាំងអស់ បានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដោយមិនខ្លាចការនឿយហត់រួមគ្នារៀបចំពិធីរត់ភ្លើងគប់ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ក្រោមមូលបទ «កីឡាជាតិដើម្បីព្រែកជីក ហ្វូណនតេជោ» ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។
ព្រឹត្តិការណ៍កីឡានេះ មិនមែនគ្រាន់តែជាការប្រកួតមួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាឱកាសសម្រាប់ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ សង្គមសេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះប្រទេសជាតិ ក៏ដូចជារួមចំណែកដល់ការពង្រឹងចំណងសាមគ្គីភាព មិត្តភាពរវាងប្រតិភូកីឡានៃប្រទេសដែលបានចូលរួមជាក់ស្តែង ជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAME) លើកទី៣២ និងកីឡាជនពិការ (ASEAN PARA GAME) លើកទី១២ ឆ្នាំ២០២៣ របស់កម្ពុជា បានបង្ហាញថា «កម្ពុជាប្រទេសតូច ប្រទេសក្រ ក៏ប៉ុន្តែបេះដូងធំទូលាយជាងមហាសមុទ្រ» និង ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនីនៅក្នុងខេត្ត ឱ្យកាន់តែខ្លាំងពូកែក្នុងការប្រកួតដណ្តើមយកជ័យជម្នះក្នុងការប្រកួតនានា។
ឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព គ្រឹះស្ថានឯកជន សង្គមស៊ីវិល អង្គការអន្តរជាតិពាក់ព័ន្ធនានាបង្កើនការយកចិត្តទុកដាក់លើកកម្ពស់ និងបំផុសចលនាអប់រំកាយ និងកីឡាក្នុងស្រទាប់ប្រជាជន ដោយវិស័យអប់រំកាយ និងកីឡាមិនគ្រាន់តែបានផ្តល់នូវកាយសម្បទារឹងមាំដល់យុវជន យុវនារីរបស់យើងតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើការអប់រំទៅលើផ្លូវចិត្ត សីលធម៌ ធ្វើយ៉ាងណាឱ្យពួកគេមានការតស៊ូប្រកបដោយភាពអង់អាចក្លាហាន អំណត់ព្យាយាម និងចេះយោគយល់គ្នា ព្រមទាំងប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ សុចរិតធម៌។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូរឡាំពិកកម្ពុជា បានថ្លែងអំណរគុណរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ បានរៀបចំពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ តាងនាមឲ្យក្រសូងអប់រំ យុវជន និងកីឡា សូមវាយតម្លៃខ្ពស់ចំពោះការត់ភ្លើងគប់ ដែលបានផ្តើមចេញដំណើពីខេត្តកែប ថ្ងៃនេះ បានមកដល់ខេត្តព្រះសីហនុ ភ្លើងគប់នេះនឹងបន្តទៅខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង និងបន្តទៅខេត្តកណ្តាល និងឈានទៅបើកការប្រកួតជាផ្លូវការនៅរាជធានីភ្នំពេញក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមសូមឲ្យយុវជនចូលរួមគាំទ្រវិស័យកីឡា ព្រោះកីឡានាំមកនូវសុខភាពល្អ កីឡានាំមកនូវសាមគ្កីភាព មិត្តភាព និង ជូនពរគណប្រតិភូកីឡាខេត្តព្រះសីហនុ ដឹកនាំកីឡាចូលរួមប្រកួតឲ្យទទួលបានលទ្ធផលល្អជាងឆ្នាំមុន ព្រោះការប្រកួតកីឡាជនពិការ គឺប្រារព្ធធ្វើពីរឆ្នាំម្ដង៕