ឯកឧត្តម​ ចាន់ ស៊ីណាត​ រដ្ឋលេខាធិការ​ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា​ការងារ​ជាមួយគណៈប្រតិភូ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB) ស្ដីពី​ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ​នៅតាមអាងទឹកនានា​ ក្នុងបណ្តា​ខេត្តគោលដៅ​​គម្រោង


នៅថ្ងៃព្រហស្បតិ៍​​ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ នៅសាលប្រជុំរំដួល​នៃទីស្តីការ​ក្រសួង​ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ដោយមាន​ការអនុញ្ញាត​ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ​ជាមួយ​គណៈប្រតិភូក្រុមការងារប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ​របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលជាម្ចាស់គម្រោងនៃការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យក្នុងវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយមនៅ​ក្នុងព្រះរាជាណាចក្រកម្ពុជា។​

សូមជម្រាបថា​ កិច្ចប្រជុំពិភាក្សានេះ​មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការរង លោក​ប្រធាន​ អនុប្រធាន​នាយកដ្ឋានពីគ្រប់នាយកដ្ឋានចំណុះ​ ប្រធាន អនុប្រធាន​មន្ទីរធនធានទឹក និងឧតុនិយមគ្រប់ខេត្តគោលដៅ មន្រ្តីក្រុមការងារទាំងអស់នៃអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោងរបស់ក្រសួង(PMU) និងក្រុមទីប្រឹក្សាជាតិ និងអន្តរជាតិប្រចាំក្រសួង​។

ឯកឧត្តម​រដ្ឋលេខាធិការ​បានបញ្ជាក់ឱ្យដឹងថា​ កិច្ច​​ប្រជុំនាពេលនេះ​បាន​ទទួលលទ្ធផលជោគជ័យល្អប្រសើរដែលឈានទៅអនុវត្តការងារ​ដាក់បន្ទះស្រូបពន្លឺព្រះអាទិត្យក្នុងតំបន់អាងទឹក នៅ​តាម​បណ្តាខេត្តគោលដៅ​ នាពេលដ៏ខ្លីខាងមុខនេះ​ ក្នុងគម្រោងកិច្ចសហប្រតិបត្តិការត្រីភាគីរវាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលរួមមាន​ គម្រោងកែលម្អវិស័យធារាសាស្រ្ត គម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ គម្រោងពង្រឹងពង្រីកវិស័យធារាសាស្រ្តក្នុងការទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុ គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធទឹកដើម្បីលុបបំបាត់ចោលនូវគ្រោះទឹកជំនន់ និងហានិភ័យដែលកើតឡើងពីគ្រោះរាំងស្ងួតក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងបណ្តាគម្រោងដទៃទៀតជាច្រើន៕