សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាល្ខោនបុរាណ រឿងមហាវេស្សន្តរជាតក


នៅល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមទស្សនាល្ខោនបុរាណ រឿងមហាវេស្សន្តរជាតក ក្នុងឱកាសរំលឹកខួប៤៨ឆ្នាំ នៃការចូលទីវង្គតរបស់ព្រះសង្ឃរាជ្យ ជួន ណាត ។
ល្ខោនបុរាណ រឿងមហាវេស្សន្តរជាតក នេះនាំមកដោយ សហភាពសហព័ន្ធយុវជនកម្ពុជា សហការឧបត្ថម្ភ និងមានការគាំទ្រពី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលចូលរួមរួមសម្ដែងដោយ លោកគ្រូ អ្នកគ្រូ អតីតសិល្បករជំនាន់មុន និងបច្ចុប្បន្ន ប្រាំជំនាន់ រួមគ្នាធ្វើឲ្យរស់ឡើងវិញនូវទស្សនីយភាពរឿង មហាវេស្សន្តរជាតក ដើម្បីរម្លឹកពីល្ខោនបុរាខ្មែរយើង ជាពិសេសរក្សាអោយបានគង់វង្ស។
បន្ទាប់ពីបានទស្សនាការសំដែងរួចហើយ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ បង្ហាញនូវចំណាប់អារម្មណ៍ថា តាមរយៈទស្សនីយភាពនេះ ពិតជាមានអត្ថន័យ និងមានសារ សំខាន់ណាស់សំរាប់កូនខ្មែរជំនាន់ក្រោយអោយបានដឹងពីប្រវត្តិល្ខោនបុរាណខ្មែរ ជាពិសេសរឿងមហាវេស្សន្តរជាតក នេះតែម្តង។
សូមឲ្យទស្សនីយភាពដែលកើតឡើងដោយកម្លាំងសាមគ្គីនៃមរតកមនុស្សរស់ជាសារដ៏សំខាន់ និងជាប្រយោជន៍សម្រាប់កូនខ្មែរជាយុវសិល្បករជំនាន់ក្រោយជាអ្នកបន្តវេនអភិរក្សមរតកវប្ប ធម៌ដូនតាដ៏មានតម្លៃមិនអាចប្រៀបផ្ទឹមបាន។ នេះទុកជាគតិមុននឹងធ្វើការអភិវឌ្ឍបង្កើតនិម្មិតកម្មថ្មី សូមកុំភ្លេចពីប្រភពដើមកំណើតនៃមូលដ្ឋានគ្រឹះទើបយើងមិនបាត់បង់។
ដើម្បីជាការលើកទឹកចិត្តសំរាប់សិល្បករ សិល្បការិនីដែលបានរួមគ្នាសំដែងទាំង៥ជំនាន់នេះ សរុបទាំងអស់ ១០៩នាក់ គឺ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិការក្នុងម្នាក់ៗ ១លាន រៀលផងដែរ។ កម្មវិធីបានបញ្ចប់ប្រកបដោយបរិយាកាសរីករាយក្រៃលែង៕