សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយរួមមាន ថវិកា៥លានរៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២ ជូនដល់គ្រួសារកូនភ្លោះ៣ ដែលជាគ្រួសារទី៤២២។
អំណោយដ៏សប្បុរសរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបាន ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំយកទៅប្រគល់ជូនដល់ដៃគ្រួសារកូនភ្លោះបីនេះដល់លំនៅដ្ឋានក្នុងភូមិថ្មី ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤នេះ។
ទារិកាភ្លោះទាំងបីដែលទទួលអំណោយឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាកូនលើកដំបូងក្នុងគ្រួសារមានឪពុកឈ្មោះ ពែល បញ្ញា អាយុ ២៥ឆ្នាំ ម្តាយឈ្មោះ លី វ៉ាន់លាងឌី អាយុ ៣១ឆ្នាំ។ ទារិកាភ្លោះទាំងបីនាក់នេះ ប្រសូត្រនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
ទារិកាភ្លោះទាំងបីនោះ ត្រូវបានក្រុមគ្រួពេទ្យថែទាំរយៈពេលជាងមួយខែ មុនធ្វើដំណើរទៅលំដ្ឋានកាលពីពេលថ្មីកន្លងមកនេះ។
នៅចំពោះមុខគ្រួសារកូនភ្លោះបី ឯកឧត្តម សេង ទៀង មានប្រសាសន៍ពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។
ឯកឧត្តម បានឱ្យដឹងដែរថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយៈពេលជាង ២៥ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ ឬបួននាក់ ចំនួន៤២២គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បុរសធម៌ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។
ឯកឧត្តម សេង ទៀង បានឱ្យដឹងថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឱ្យសកម្មភាពនយោបាយនោះទេ។ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រទារកភ្លោះបីឬបួននាក់។
ឯកឧត្តម សេង ទៀង បានណែនាំដល់មាតាបិតា និងអាណាព្យាបាលកូនភ្លោះ បន្តយកចិត្តតាមដានពីសុខភាពរបស់ទារកឲ្យបានគត់មុន ពោលប្រសិនបើទារកមានអាការៈអ្វីខុសពីប្រក្រតី សូមនាំយកកូនៗទៅកាន់មណ្ឌលសុខភាពដែលនៅជិត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត។
តំណាងមាតាបិតាកូនភ្លោះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលចាត់ទុកការលំបាករបស់ប្រជាពលរដ្ឋទីទល់ក្រងាយរងគ្រោះ គឺជាការលំបាកផ្ទាល់របស់សម្តេចទាំងទ្វេ ហើយតែងចាត់ឱ្យតំណាងរបស់សម្តេចនាំយកថវិកា និងសម្ភារៈដ៏មានតម្លៃបំផុតនេះ មកចែកជូនផ្ទាល់ដៃដល់គ្រួសាររបស់ខ្លួន ដែលប្រសូត្របានទារិកាភ្លោះបីនាក់ ដើម្បីជួយសម្រាលការលំបាក់ក្នុងការចិញ្ចឹមបីបាច់ទារកភ្លោះទាំងបីនាក់នេះ ឱ្យមានជីវិតរស់នៅ និងមានអនាគតល្អដូចពលរដ្ឋដទៃទៀតក្នុងសង្គម៕