នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណៈការនិងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមបេសកកម្មរបស់អង្គការJICA ដែល ដឹកនាំដោយលោក Masayoshi Takehara នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់អង្គការJICA។
លោក Takehara បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តីអំពីវិសាលភាពនិងពេលវេលានៃការស្ទង់មតិ ត្រៀមរៀបចំសម្រាប់គម្រោងអភិវឌ្ឍន៍ផ្លូវដែករាជធានីភ្នំពេញដែលត្រូវបានគេស្គាល់ថាជាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្ត (AGT) ។
ជាមួយគ្នានេះផងដែរ លោក Takehara បានពិភាក្សាជាមួយឯកឧត្តមទេសរដ្ឋមន្ត្រីអំពីការបង្កើត “គណៈ កម្មាធិការសម្របសម្រួលរួម”មួយ(JCC) ដែលដើរតួនាទីជាវេទិកាក្នុងការធ្វើសេចក្តីសម្រេចចិត្ត សម្រាប់ គម្រោងនេះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវការកោតសរសើរចំពោះអង្គការJICA និងរដ្ឋាភិបាល ជប៉ុនដែលផ្តល់ការគាំទ្រជាបន្តក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រទេស។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានអំពាវនាវដល់ក្រុមបេសកកម្មរបស់អង្គការJICA ឱ្យពន្លឿនការសិក្សារបស់ខ្លួន ឱ្យបានឆាប់តាមដែលអាចធ្វើបានដើម្បីឱ្យការសាងសង់ប្រព័ន្ធដឹកជញ្ជូនផ្លូវដែកក្នុងទីក្រុង អាចមាន ដំណើរការឆ្ពោះទៅមុខ កាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញក៏ដូចជាសម្រាប់ការប្រកួត កីឡាអាស៊ានហ្គេមឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជាជាលើកដំបូង។