ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យស្ថានភាពមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ និងពិនិត្យស្ថានភាពអភិវឌ្ឍន៍ចលនាភូមិគំរូ នៅខេត្តកំពង់ស្ពឺ


ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយរដ្ឋលេខាធិការប្រចាំការរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន និងមន្ដ្រីជំនាញ បានចុះពិនិត្យស្ថានភាពមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ស្ថិតនៅភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រីបានណែនាំដល់ថ្នាក់ដឹកនាំនិងមន្ដ្រីរាជការនៅមជ្ឈមណ្ឌលឱ្យខិតខំបំពេញការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅបន្ដនិរន្ដរភាពការងារ តាមរយៈការថែរក្សាសម្ភារបរិក្ខាក្នុងមជ្ឈមណ្ឌល និងសម្អាតបរិស្ថានឱ្យបានល្អការរៀបចំផែនការការងារ និងគម្រោងឱ្យបានច្បាស់លាស់ ជាពិសេសការកែលម្អកម្មវិធីបណ្ដុះបណ្ដាលឱ្យបានកាន់តែល្អ ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលជូនប្រជាពលរដ្ឋតាមតម្រូវការ ស្របតាមការវិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

ឯកឧត្តម ឆាយ ឫទ្ធិសែន និងប្រតិភូរួមដំណើរបានចុះពិនិត្យសមិទ្ធផល និងស្ថានភាពអភិវឌ្ឍន៍ចលនាភូមិគំរូ ក្នុងក្របខ័ណ្ឌគម្រោងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់វិធីសាស្រ្ដចលនាភូមិថ្មី ស្ថិតនៅក្នុងភូមិសូវង្សលើ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ឯកឧត្តមរដ្ឋមន្ដ្រីបានជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ជូនចំពោះប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។

គួរជម្រាបជូនផងដែរថា ឯកឧត្តមរដ្ឋមន្ដ្រីបានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ដាក់គ្រឿងចក្រឈូស គៀរដីផ្លូវចូលភូមិដែលបានខូចខាតក្នុងរដូវវស្សា ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ព្រមទាំងបានជួយកែម្អការិយាល័យគណៈកម្មការអភិវឌ្ឍន៍ភូមិសូវង្សលើ និងបានឧបត្ថម្ភកុំព្យូទ័រយូរដៃ១គ្រឿង ម៉ាស៊ីនព្រីន១គ្រឿង និងថវិកាសម្រាប់ទិញគោធ្វើពូជក្នុងសហគមន៍ចំនួន២ក្បាលផងដែរ៕