ឯកឧត្តមរដ្ឋមន្ត្រី​ ថោ ជេដ្ឋា អញ្ជើញ​បើកសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិស្តីពី​ប្រកាសសម្រាប់កិច្ចដំណើរការ និងការគ្រប់គ្រង​សហគមន៍កសិករប្រើប្រាស់ទឹក និងគោលការណ៍ណែនាំកិច្ចប្រតិបត្តិការ និងការថែទាំប្រព័ន្ធធារាសាស្រ្ត


នៅព្រឹកថ្ងៃចន្ទ ៤កើត​ ខែ​កត្ដិក​ ឆ្នាំ​រោង​ ឆស័ក​ ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី​៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​នេះ​​ នៅសណ្ឋាគារ​កាំបូឌីយ៉ាណា​ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង​ឧតុនិយម​បានអញ្ជើញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​​ ​​​បើកសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិស្តីពី​ប្រកាសសម្រាប់កិច្ចដំណើរការ និងការគ្រប់គ្រង​សហគមន៍កសិករប្រើប្រាស់ទឹក(ស.ក.ប.ទ.)និងគោលការណ៍ណែនាំកិច្ចប្រតិបត្តិការ និងការថែទាំប្រព័ន្ធធារាសាស្រ្តក្រោមកិច្ចសហការរៀបចំដោយទីប្រឹក្សាបច្ចេកទេស​ កម្មវិធីការគ្រប់គ្រងធនធានទឹក​ និងការផ្លាស់​ប្តូរកសិកម្មនៅប្រទេសកម្ពុជាជំហាន១(WAT4CAM PhaseI–TA-ISWM) ក្រោម​ជំនួយ​របស់សហភាពអឺរ៉ុប តាមរយៈទីភ្នាក់​ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ប្រចាំ​​កម្ពុជា។

ថ្លែងក្នុងអង្គពិធី​ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់ឱ្យដឹង​ថា ប្រកាសសម្រាប់កិច្ចដំណើរការ និងការគ្រប់គ្រងសហគមន៍កសិករ​ប្រើប្រាស់ទឹក និងគោលការណ៍ណែនាំលើកិច្ចប្រតិបត្តិការ និងការថែទាំប្រព័ន្ធធារាសាស្រ្តគឺជាឯកសារគតិយុត្ត​ដែលមានទំនាក់ទំនង និងគាំទ្រគ្នាទៅវិញទៅមកប្រកបដោយបរិយាបន្ន ហើយប្រមូលផ្តុំជាក្របខណ្ឌឯកសាររួម​ សំដៅគាំទ្រដល់ការគ្រប់គ្រងធនធានទឹក​ និងការបែងចែកទឹកនៅ​ក្នុងដែនប្រព័ន្ធធារាសាស្ត្រ​ប្រកបដោយចីរភាព ដោយ​មានការលើកកម្ពស់ការចូលរួមរបស់សហគមន៍ប្រកប​ដោយ​គុណាធិបតេយ្យ និងផ្តល់នូវយន្តការសម្រាប់ការដោះស្រាយជម្លោះប្រកបដោយប្រសិទ្ធភាព យុត្តិធម៌ និងស័ក្តិសិទ្ធភាព។

សូមបញ្ជាក់ថា​ ឯកសារគតិយុត្តដែលត្រូវប្រកាសដាក់ឱ្យប្រើប្រាស់​នាពេលនេះរួមមាន៖ ទី១)ប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការ​សហគមន៍កសិករប្រើប្រាស់ទឹក(ស.ក.ប.ទ.)​ការចុះបញ្ជី និងការគ្រប់គ្រង​ស.ក.ប.ទ.​ ទី២)​ប្រកាសស្តីពីនីតិវិធីនៃការដោះស្រាយវិវាទ​លើការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តក្នុងក្របខ័ណ្ឌស.ក.ប.ទ. ទី៣)ប្រកាស​ស្តីពីការរំលាយចោលស.ក.ប.ទ. និង​ទី​៤)ប្រកាសស្តីពីការដាកឱ្យប្រើនូវ​គោល​ការណ៍ណែនាំសម្រាប់ដំណើរការអនុវត្តការងាររបស់ស.ក.​ប.ទប្រកបដោយនិរន្តរភាព៕​