នៅថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំណាលើ បានដឹកនាំក្រុមការងារ នាំយកទេយ្យទាន និងអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង និងលោកជំទាវ ប្រគេនព្រះសង្ឃ និងចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្យ ក្នុងថ្ងៃបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្ដកំពង់ធំ។
សូមជម្រាបថា ទេយ្យទានដែលប្រគេនព្រះសង្ឃទាំង ៦វត្ត ក្នុងឃុំចំណាលើ រួមមាន៖ ១)ស្លាដក់ចំនួន៦ ២)អង្ករ ១២បាវ ៣)មី១២កេសធំ ៤)ទឹកក្រូច១២កេស ៥)ទឹកបរិសុទ្ធ១២កេស ៦)ទឹកស៊ីអ៊ីវ១២យួរ ៧)ទឹកត្រី១២យួរ ទី៨)សាប៊ូ ១២ធុង ទី៩)ប្រេងឆា១២ ធុងធំ ១០)ទឹកដោះគោឆៅ ៦កេស ១១)ត្រីខកំប៉ុង១២យួរ ព្រមទាំងប្រគេនបច្ច័យវត្តទាំង៦ សរុបថវិកាចំនួន ៤ ៨០៨ ០០០ រៀល។
ដោយឡែក អំណោយ និងថវិកា ដែលប្រគល់ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរួមមាន៖ ១)សិស្សនិទ្ទេស A ម្នាក់ទទួលបានម៉ូតូចំនួន ១គ្រឿង ២)សិស្សនិទ្ទេស B ២០នាក់ ម្នាក់ៗទទួលបានកង់១គ្រឿង ៣)កុំព្យូទ័រ៥គ្រឿង ម៉ាស៊ីនព្រីន១គ្រឿង និងម៉ាស៊ីនថតចំលង១គ្រឿង ៤)សិស្សានុសិស្យ ១១៣៩នាក់ម្នាក់ៗទទួលបានសៀវភៅសរសេរ ២ក្បាល សៀវភៅពុម្ព ១ក្បាល ប៊ិច ១ដើម បន្ទាត់១ ជ័រលុប១ និង ៥)ឧបត្ថម្ភថវិកាដល់លោកគ្រូអ្នកគ្រូនិងគណៈកម្មការសាលា ៣៣នាក់ មន្រ្តីសាលាស្រុក និងប៉ូលិសស្រុក ៥០នាក់ ក្រុមប្រឹក្សាឃុំ ៥នាក់ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលនិងប្រជាការពារ ១៣នាក់ មេភូមិនិងអនុភូមិ ២០រូប ព្រមទាំងចំណាយផ្សេងៗ សរុបថវិកាចំនួន ១០៧ ៣១៤ ០០០ រៀល។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំណាលើបានសំណេះសំណាលជាមួយសិស្សានុសិស្សដែលទទួលជ័យលាភី និងសិស្សានុសិស្យដែលនឹងចូលរៀនក្នុងឆ្នាំសិក្សាថ្មីខាងមុខនេះឱ្យព្យាយាមប្រឹងប្រែងសិក្សា ហើយផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ ត្រូវខិតខំបន្តបង្ហាត់បង្រៀនសិស្សដោយការយកចិត្តទុកដាក់ ដើម្បីទទួលបានលទ្ធផលល្អប្រសើរនៅឆ្នាំបន្តបន្ទាប់ទៀត៕