ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បំពាក់កន្សែងជូននវកាយឫទ្ធិ និងថ្នាក់ដឹកនាំកាយឫទ្ធិ ១,៩១៥នាក់ នៅខេត្តបាត់ដំបង


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អមដំណើរដោយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានកាយឫទ្ធិខេត្តបាត់ដំបង បានចូលរួមក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវកាយឫទ្ធិ និងថ្នាក់ដឹកនាំកាយឫទ្ធិខេត្តបាត់ដំបងចំនួន១,៩១៥នាក់ (ស្រី ១,០២៦នាក់)។

ពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវកាយរឹទ្ធិនាថ្ងៃនេះ បានឆ្លើយតបទៅនឹងខ្លឹមសារនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យយុវជនកម្ពុជាចូលរួមអនុវត្តគម្រោងសកម្មភាពនានា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) និងចូលរួមក្នុងបុព្វហេតុកសាងពន្លកយុវវ័យប្រកបដោយចំណេះដឹង សីលធម៌ល្អ ចរិយាសម្បតិ្ត ថ្លៃថ្នូរ ជាពលរដ្ឋល្អ ប្រកាន់ខ្ជាប់នូវកាតព្វកិច្ចជួយអ្នកដទៃ ជួយសង្គមជាតិ និងភក្តីភាពជានិច្ចជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ដើម្បីរក្សាបាននូវគុណតម្លៃរបស់កាយឫទិ្ធជាតិកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ណែនាំដល់ថ្នាក់ដឹកនាំកាយឫទ្ធិជាតិកម្ពុជាគ្រប់លំដាប់ថ្នាក់ ត្រូវជំរុញការងារក្លឹបកាយឫទ្ធិ និងរចនាសម្ព័ន្ធកងល្បាតកាយឫទ្ធិនៅតាមសាលារៀនគំរូ តាមរយៈពង្រឹងសកម្មភាពសិក្សាក្រៅម៉ោងបន្ថែម ពោលគឺ២ម៉ោងក្នុង១សប្តាហ៍ ដើម្បីបង្កើនគុណភាពអប់រំ និងបណ្តុះបណ្តាលធនធានកុមារ និងយុវជនក្លាយជាកាយឫទ្ធិដ៏រឹងមាំ និងមានប្រយោជន៍ចំពោះសង្គមជាតិ។

ឯកឧត្តមបន្តថា កាយឫទ្ធិទ្ធិថ្នាក់ក្រុង ស្រុក ខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់ណែនាំកសាង និងពង្រឹងកងឯកភាពកាយឫទ្ធិនៅតាមសាលាបឋមសិក្សា និងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រោមឱវាទរបស់ការិយាល័យអប់រំ យុវជន និងកីឡា ក្រុង ស្រុក ខណ្ឌ។

ថ្នាក់ដឹកកាយឫទ្ធិនៅតាមកងឯកភាពគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវជួយឧបត្ថម្ភគាំទ្រ និងជួយបង្កលក្ខណៈឱ្យសមាជិកនៃកាយឫទ្ធិជាតិកម្ពុជា បានធើ្វសកម្មភាពតាមផែនការកងល្បាតប្រចាំសប្តាហ៍ ប្រចាំខែ និងប្រចាំឆ្នាំ និងលើកកម្ពស់ការយល់ដឹងលើជំនាញកាយឫទ្ធិកម្ម និងពង្រឹងប្រព័ន្ធវាយតម្លៃបណ្ណវឌ្ឍនកម្ម បណ្ណជំនាញ និងការផ្តល់រង្វាន់កាយឫទ្ធិកម្ម ដល់សមាជិកនៃកាយរឹទិ្ធជាតិកម្ពុជាដែលមានស្នាដៃឆ្នើមនៅក្នុងសាលារៀន។

គណៈកម្មការប្រតិបតិ្តជាតិ រាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ គប្បីត្រូវបន្តស្វែងរកកិច្ចសហប្រតិបតិ្តការជាមួយអង្គការ សមាគម និងចលនាសហជីព ដើម្បីរៀបចំចងក្រងប្រព័ន្ធកងល្បាតកាយឫទ្ធិសហគមន៍ឱ្យមានការរីកចម្រើន និងឆ្លើយតបទៅគោលនយោបាយរបស់អង្គការពិភពលោកនៃចលនាកាយឫទ្ធិ ដែលបានកំណត់យកគោលដៅយុទ្ធសាស្រ្តអាទិភាព ការពង្រីកសមាជិកភាព តាមរយៈចលនាកាយឫទ្ធិ សហគមន៍ (Community-based in Scouting – CBS) ផងដែរ៕